Notice: Theme without header.php is deprecated since version 3.0.0 with no alternative available. Please include a header.php template in your theme. in E:\php\domreysor.com\wp-includes\functions.php on line 4601
រដ្ឋមន្ត្រីការបរទេសអាស៊ានបានលើកទឹកចិត្តឱ្យទីក្រុងណៃពីដោ សម្របសម្រួលទស្សនកិច្ចរបស់ប្រេសិតពិសេសនៅប្រទេសមីយ៉ាន់ម៉ា – គេហទំព័រ​ ដំរីសរ

រដ្ឋមន្ត្រីការបរទេសអាស៊ានបានលើកទឹកចិត្តឱ្យទីក្រុងណៃពីដោ សម្របសម្រួលទស្សនកិច្ចរបស់ប្រេសិតពិសេសនៅប្រទេសមីយ៉ាន់ម៉ា

ចេញផ្សាយថ្ងៃសៅរ៍ ១០កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥, ត្រូវនឹងថ្ងៃ​ទី ១៦ ខែ​ តុលា ​ឆ្នាំ​២០២១។

ភ្នំពេញ៖ តបតាមការអញ្ជើញរបស់ ឯកឧត្តម អុីរីវ៉ាន់ ពើហ៊ីន យូស៊ូហ៍ រដ្ឋមន្ត្រីការបរទេសទី២ នៃប្រទេសប្រ៊ុយណេដារ៉ូស្សាឡាម ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ។

រដ្ឋមន្រី្តការបរទេសអាស៊ានបានធ្វើការពិភាក្សាគ្នាយ៉ាងស៊ីជម្រៅ និងទូលំទូលាយ អំពីកិច្ចខិតខំប្រឹងប្រែងកសាងសហគមន៍អាស៊ាន   ការលើកកម្ពស់ទំនាក់ទំនងជាមួយដៃគូខាងក្រៅរបស់អាស៊ាន  ការត្រៀមរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៨ និងទី៣៩ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ពីថ្ងៃទី២៦ ដល់ ២៨ ខែតុលា ឆ្នាំ ២០២១ ឱ្យបានប្រព្រឹត្តទៅដោយជោគជ័យ និងទទួលលទ្ធផលផ្លែផ្កា។ រដ្ឋមន្រី្តការបរទេសអាស៊ានបានផ្លាស់ប្តូរយោបល់គ្នាដោយត្រង់ទៅត្រង់មកផងដែរ អំពីការវិវត្តន៍ស្ថានការណ៍នៅប្រទេសមីយ៉ាន់ម៉ា និងវឌ្ឍនភាពការងាររបស់ប្រេសិតពិសេសនៃប្រធានអាស៊ានស្តីពីមីយ៉ាន់ម៉ា ក្នុងការអនុវត្តន៍ការព្រមព្រៀង ជាឯកច្ឆន្ទ៥ចំណុចរបស់ថ្នាក់ដឹកនាំអាស៊ាន។ រដ្ឋមន្ត្រីការបរទេសអាស៊ានបានលើកទឹកចិត្តឱ្យទីក្រុងណៃពីដោ សម្របសម្រួលទស្សនកិច្ចរបស់ប្រេសិតពិសេសនៅប្រទេសមីយ៉ាន់ម៉ា ក្នុងពេលឆាប់ៗខាងមុខ ឱ្យបានប្រកបដោយផ្លែផ្កា។

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន  បានសង្កត់ធ្ងន់ពីសារសំខាន់នៃទស្សនកិច្ចរបស់ប្រេសិតពិសេសនៅមីយ៉ាន់ម៉ាក្នុងពេលដ៏ឆាប់នេះ ហើយបានអំពាវនាវឱ្យប្រកាន់យកនូវជំហានជាក់ស្តែង និងសមស្រប ដើម្បីបង្កលក្ខណៈឱ្យមានកិច្ចសន្ទនាប្រកបដោយលក្ខណៈ ស្ថាបនារវាងភាគីពាក់ព័ន្ធក្នុងវិបត្តិមីយ៉ាន់ម៉ា៕

information.gov.kh Sourcing


Notice: Theme without footer.php is deprecated since version 3.0.0 with no alternative available. Please include a footer.php template in your theme. in E:\php\domreysor.com\wp-includes\functions.php on line 4601