ឯកឧត្តម​ ជាវ​ តាយ​ អភិបាលខេត្តកំពត អញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយដល់ប្រជាពលរដ្ឋងាយរងគ្រោះ ចំនួន១២៦គ្រួសារ នៅស្រុកបន្ទាយមាស និងស្រុកអង្គរជ័យ ខេត្តកំពត

ខេត្តកំពត៖ព្រឹកថ្ងៃព្រហស្បតិ៍ ទី០៨ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម​ ជាវ​ តាយ​ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពត អញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត ចំនួន១២៦គ្រួសារ នៅស្រុកបន្ទាយមាស និងស្រុកអង្គរជ័យ ខេត្តកំពត ដោយមានការអញ្ជេីញចូលរួម​មាន ឯកឧត្ដម លោកជំទាវ សមាជិកគណៈកម្មាធិការ កងកម្លាំងទាំងបី ប្រធានមន្ទីរ អង្គភាព សមាជិកអនុសាខាស្រុក និងប្រជាពលរដ្ឋ​។ 

ថ្លែងនៅក្នុងពិធីនោះ ឯកឧត្តម ជាវ តាយ បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចទាំងទ្វេ តែងតែគិតគូរខ្ពស់ពីសុខទុក្ខ និងមានការដោះស្រាយបញ្ហាប្រឈមនានា ជូនបងប្អូនប្រជាពលរដ្ឋ មិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬ និន្នាការនយោបាយ ដោយមិនដែលទុកចោលឲ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយអត់ស្បៀងអាហារ និងមិនមានការដោះស្រាយអ្វីឡើយ។

ជាមួយនេះផងដែរ ឯកឧត្តម អភិបាលខេត្ត បានបន្តទៀតថា បើទោះបីអំណោយដែលបានចែកជូនប្រជាពលរដ្ឋនាពេលនេះ មានចំនួនតិចតួចក្ដី ប៉ុន្តែក៏អាចជួយសម្រាលការលំបាកខ្វះខាតរបស់បងប្អូនបានមួយគ្រាផងដែរ។ ឯកឧត្តម ក៏បានក្រើនរំលឹកអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ត្រូវបន្តបង្កើនការប្រុងប្រយ័ត្ន យកចិត្តទុកដាក់ឲ្យបានខ្ពស់បន្ថែមទៀត ដោយចូលរួមអនុវត្តតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានគ្រប់ៗគ្នា នូវវិធានការ ៣ការពារ(ពាក់ម៉ាសនៅគ្រប់ទីសាធារណៈ លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល រក្សាគម្លាតសុវត្ថិភាពសង្គមចាប់ពីមួយម៉ែត្រកន្លះឡើងទៅ) និង ៣កុំ(កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល កុំចូលទៅកន្លែងមានមនុស្សច្រើនកុះករ កុំប៉ះពាល់គ្នា) ក្នុងការចូលរួមទប់ស្កាត់ និងការពារជំងីកូវីដ-១៩។

អំណោយកាកបាទក្រហមចែកជូនប្រជាពលរដ្ឋងាយរងគ្រោះ ក្នុងនោះ÷

-ម៉ោង ៨.០០ព្រឹក ប្រារព្ធធ្វើនៅបរិវេនវត្តសំរោង ស្រុកបន្ទាយមាស ប្រជាពលរដ្ឋចំនួន៥៨គ្រួសារ ក្នុង០១គ្រួសារ ទទួលបាន៖ អង្ករ ២៥kg មី១កេះ ទឹកត្រី១យួរ ស្ករស១kg និងថវិកា២ម៉ឺនរៀល ព្រមទាំងបានឧបត្តម្ភជូន

ទីប្រឹក្សាយុវជន យុវជនកាកបាទក្រហម អ្នកស្មគ្រ័ចិត្តកាកបាទក្រហម នគរបាល កងរាជអាវុធហត្ថ និងប្រជាការពារ 

-ម៉ោង ៩.០០ព្រឹក ប្រារព្ធធ្វើនៅបរិវេនវិទ្យាល័យ ហ៊ុន សែន អង្គស្តុក ស្រុកអង្គរជ័យ ប្រជាពលរដ្ឋចំនួន៦៨គ្រួសារ ក្នុង០១គ្រួសារ ទទួលបាន៖ អង្ករ ២៥kg មី១កេះ ទឹកត្រី១យួរ ស្ករស១kg និងថវិកាមួយចំនួន ព្រមទាំងបានឧបត្តម្ភជូនទីប្រឹក្សាយុវជន យុវជនកាកបាទក្រហម អ្នកស្មគ្រ័ចិត្តកាកបាទក្រហម នគរបាល កងរាជអាវុធហត្ថ និងប្រជាការពារផងដែរ៕