មន្ទីរពេទ្យជ័យជំនះ ចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំង ស៊ីណូវ៉ាក់ ជូនមន្ត្រីរាជការ តាមបណ្តាមន្ទីរអង្គភាពជុំវិញខេត្ត

ខេត្តកណ្តាល៖នៅព្រឹកថ្ងៃទី ១ ខែ មេសា ឆ្នាំ ២០២១ នៅមន្ទីរពេទ្យជ័យជំនះ ក្រុងតាខ្មៅ ខេត្តកណ្តាល បានចាប់ផ្តើមយុទ្ធនាការរបស់ខ្លួនក្នុងការចាក់វ៉ាក់សាំង ស៊ីណូវ៉ាក់ ជូនដល់មន្ត្រីរាជការតាមបណ្តាមន្ទីរអង្គភាពជុំវិញខេត្ត ដែល
មានរយៈពេល ១៥ថ្ងៃ ដោយចាប់ពីវេលាម៉ោង ៨ព្រឹកថ្ងៃនេះតទៅ។
ការបើកយុទ្ធនាការនាព្រឹកនេះដែរ លោកជំទាវ ហ៊ុន កុសនី អភិបាលរងខេត្តកណ្តាល និងសហការី បានចុះពិនិត្យការចាក់វ៉ាក់សាំងនៅមន្ទីរពេទ្យបង្អែកជ័យជំនះ និងបានធ្វើការណែនាំ ដល់គ្រូពេទ្យឱ្យយកចិត្តទុកដាក់ខ្ពស់លើការងារនេះ។ ជាពិសេសត្រូវពិនិត្យឱ្យបានល្អិតល្អន់លើសុខភាពមន្ត្រីដែលមកចាក់ ហើយត្រូវមានក្រមសីលធម៌វិជ្ជាជីវៈឱ្យបានខ្ពស់ ដោយប្រើកាយវិការឱ្យបានសមរម្យទៅកាន់ពួុកគាត់។
ក្នុង​ការចុះពិនិត្យ​នេះ លោកជំទាវអភិបាលរងខេត្ត បាន​មានប្រសាសន៍​ណែនាំ សម្របសម្រួល ដល់មន្ត្រី ដែល​បាន​អញ្ជើញ​មក ចាក់​វ៉ាក់សាំង នាពេលនេះ ត្រូវអនុវត្ត​តាម​ការ​ណែនាំ ៣​កុំ ៣​ការពារ របស់​រាជរដ្ឋាភិបាល ក៏ដូចជា វិធានការ​ការពារ​រ​បស់ ក្រសួងសុខាភិបាល ដោយ​រក្សា​គម្លាត និង​លាងដៃ​ជាមួយ អាល់កុល ឬ សាប៊ូ ឲ្យ​បាន​ញឹកញាប់​។ និងបានយកចិត្តទុកដាក់លើវិធានទប់ស្កាត់ការចម្លងជំងឺផងដែរ ដោយមានការពាក់ម៉ាស់ វ៉ាស់កម្តៅ បាញ់អាល់កុល និងរក្សាគម្លាតជាដើម។
សូមបញ្ជាក់ថា៖ មន្ត្រីរាជការដែលស្ម័គ្រចិត្តចាក់វ៉ាក់សាំងនាព្រឹកនេះមានចំនួុន ២៦៥នាក់ និងពេលរសៀលមានចំនួុន ១៥០នាក់ ដែលមកពីមន្ទីរសាធារណះការខេត្តកណ្តាល មន្ទីរផែនការខេត្ត និងមន្ត្រីEDC ក្រុងតាខ្មៅ។
-សម្រាប់ថ្ងៃទី២ រួមមាន៖រដ្ឋបាលខេត្ត មន្ទីរទំនាក់ទំនងរដ្ឋសភាព ព្រឹទ្ធសភា និងអធិការកិច្ច មន្ទីរធម្មការ និងសាសនា មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវះ ។
-ថ្ងៃទី៣ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទា មន្ទីរទេសចរណ៍ សាខារតនាគារ សាខាធនាគារជាតិ មន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ សាខាពន្ធដា មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មន្ទីរ ដ.ន.ស.ស ពន្ធនាគារខេត្ត។
-ថ្ងៃទី៤ មន្ទីរធនធានទឹកនិងឧតុនិយម មន្ទីររ៉ែ និងថាមពល មន្ទីរបរិស្ថាន មន្ទីរអភិវឌ្ឍជនបទ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។
-ថ្ងៃទី៥ មនកទីរកិច្ចការនារី សាខាគយ និងរដ្ឋាករ សាលាដំបូង មន្ទីរឧស្សាហកម្ម បច្ចេកវិទ្យា វិទ្យាសាស្ត្រ នវានុវត្តន៍ មន្ទីរមុខងារសាធារណះ មន្ទីរពាណិជ្ជកម្ម សាខា ប.ស.ស មន្ទីរព័ត៌មាន។
-ថ្ងៃទី៦ ព្រះសង្ឃ និវត្តន៍ជន អតីតយុទ្ធជន និងអ្នកផ្សារ អ្នករត់តាក់ស៊ី រត់កង់បី ម៉ូតូឌុប សេវាករ និងសាឡន កាត់សក់។