លោកស្រីវេជ្ជបណ្ឌិតឱ វណ្ណឌីនបញ្ជក់ថាគ្មានបុគ្គល​ណាម្នាក់ស្លាប់ដោយសា​រការចាក់វ៉ាក់​សាំងនោះទេ

លោកស្រីវេជ្ជបណ្ឌិតឱវណ្ណឌីនរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបានប្រកាសនៅយប់ថ្ងៃទី២៧ខែមីនាឆ្នាំ២០២១នេះថាវ៉ាក់សាំងកូវីដ-១៩គឺជួយសរីរាង្គបុគ្គលដើម្បីបង្កើតនូវកងការពារពីការវាយលុកធ្ងន់ធ្ងរបណ្តាលមកពីវីរុសកូវីដ-១៩ហើយក៏គ្មានបុគ្គលណាម្នាក់ស្លាប់ដោយសារការចាក់វ៉ាក់សាំងនោះដែរ។បើតាមលោកស្រីវេជ្ជបណ្ឌិតរាល់បុគ្គលដែលទទួលមរណភាពគឺមិនមែនមកពីការចាក់វ៉ាក់សាំងនោះទេហើយអ្នកដែលទទួលមរណភាពទាំងនោះក៏មិនបានទទួលវ៉ាក់សាំងដែរលើកលែងតែបុគ្គលម្នាក់គត់ដែលបានចាក់វ៉ាក់សាំងរួច។ប៉ុន្តែការស្លាប់របស់គាត់ក៏មិនមែនដោយសារវ៉ាក់សាំងនោះដែរ។សូមជម្រាបជូនថាការបញ្ជាក់របស់លោកស្រីធ្វើឡើងបន្ទាប់ពីមានការផ្សព្វផ្សាយជាបន្តបន្ទាប់នូវព័ត៌មានក្លែងក្លាយថាមានមនុស្សស្លាប់បន្ទាប់ពីចាក់វ៉ាក់សាំងរួច។លោកស្រីក៏បានស្នើឱ្យអាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការលើការផ្សព្វផ្សាយព័ត៌មានមិនពិតនេះផងដែរ៕