អភិបាលរាជធានីភ្នំពេញ ស្នើម្ចាស់ផ្ទះជួល បញ្ចុះតម្លៃឬលើកលែងការបង់ថ្លៃឈ្នួល អំឡុងវិបតិ្តកូវីដ១៩

ភ្នំពេញ ៖ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល និងរដ្ឋបាលរាជធានីភ្នំពេញក្នុងការគិតគូរ និងជួយទ្រទ្រង់ ជីវភាពរបស់បងប្អូនប្រជាពលរដ្ឋដែលកំពុងស្នាក់នៅផ្ទះជួល ឬបន្ទប់ជួលនោះ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានស្នើដល់អ្នកម្ចាស់ផ្ទះជួល ឬបន្ទប់ជួលទាំងអស់នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ដើម្បីធ្វើការបញ្ចុះ ឬលើកលែងការបង់ថ្លៃឈ្នួលអំឡុងវិបត្តិកូវីដ១៩ ដែលកំពុងរីករាលដាលនេះ។

 រដ្ឋបាលរាជធានីភ្នំពេញ បានស្នើនូវ២ចំណុច ៖

១. ពិនិត្យលទ្ធភាពបញ្ចុះតម្លៃ ឬលើកលែងការបង់ថ្លៃឈ្នួលផ្ទះ ឬឈ្នួលបន្ទប់ ក្នុងអំឡុងពេលនៃការផ្ទុះ ព្រឹត្តិការណ៍ «សហគមន៍២០កុម្ភៈ» នេះ រហូតដល់ស្ថានភាពនៃការរីករាលដាលមេរោគកូវីដ-១៩ មាន សភាពធូរស្រាលឡើងវិញ។

២. យោគយល់អធ្យាស្រ័យចំពោះការយឺតយ៉ាវក្នុងការបង់ថ្លៃឈ្នួលផ្ទះ ឬឈ្នួលបន្ទប់ពីសំណាក់អ្នកជួលទាំងឡាយ ដោយគួរលើកលែងការពិន័យឱ្យបង់ប្រាក់បន្ថែម ឬដកយកប្រាក់កក់ចំពោះការយឺតយ៉ាវ ក្នុងការបង់ប្រាក់ថ្លៃឈ្នួល និងបន្តអនុញ្ញាតឱ្យពួកគាត់ស្នាក់នៅបន្តទៅទៀត ដោយមិនគួរបណ្តេញ ពួកគាត់ចេញឡើយ៕