រាជរដ្ឋាភិបាលសម្រេចដាក់ឱ្យប្រើប្រាស់ជាបណ្តោះអាសន្នស្ពានស្ទឹងត្រង់-ក្រូចឆ្មារ

កំពង់ចាម៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលសម្រេចដាក់ឱ្យដំណើរការឆ្លងកាត់ស្ពានមានតម្លៃមហាសាលមិត្តភាពកម្ពុជា-ចិនស្ទឹងត្រង់-ក្រូចឆ្មារ ជាបណ្តោះអាសន្នចាប់ពីថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០២១នេះតទៅ។

លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជួនអមដំណើរដោយលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម លោក ជាម ចាន់សោភ័ណ អភិបាលខេត្តត្បូងបានដឹកនាំចុះពិនិត្យស្ពានមិត្តភាពកម្ពុជា-ចិនស្ទឹងត្រង់-ក្រូចឆ្មារបានមានប្រសាសន៍ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ កម្ពុជាបានឯកភាពបើកឱ្យប្រើប្រាស់ស្ពាននេះ ជាបណ្តោះអាសន្នសិន គឺដើម្បីសម្រួលការធ្វើ់ដំណើរ និងចរាចរណ៍របស់ប្រជាពលរដ្ឋក្នុងឱ្យកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរខាងមុខ។

 

លោកទេសរដ្ឋមន្រ្តីបានមានប្រសាសន៍ទៀតថា ចំណែកពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវការ គឺរង់ចាំពេលវេលាសមស្របបន្ទាប់ពីការរីរាលដាល នៃជំងឺកូវីដ ១៩ស្ងប់ស្ងាត់។ ចំពោះសាឡាងដែលប្រើប្រាស់ដឹកជញ្ជួនអ្នកដំណើរនៅតំបន់នោះលែងមានទៀតហើយ។ ដោយត្រូវបញ្ជួនកាន់កំពង់ចម្លងនៅទន្លេសាបត្រង់ចំណុចកំពង់លែងខេត្តកំពង់ឆ្នាំង។ ដើម្បីភ្ជាប់ផ្លូវជាតិលេខ៥១សេ ដោយសារទីនោះមិនទាន់មានឆ្លងកាត់នៅឡើយ។

  

គួរបញ្ជាក់ថា ស្ពានមិត្តភាពកម្ពុជា-ចិនស្ទឹងត្រង់-ក្រូចឆ្មារ គឺជាស្ពានឆ្លងកាត់ទន្លេមេគង្គថ្មីមួយទៀត តភ្ជាប់ទឹកដី នៃខេត្តកំពង់ចាម ទៅកាន់ទឹកដី នៃខេត្តត្បូងឃ្មុំ។ ស្ពានមួយនេះមានតម្លៃជិត ៦០លាន ដុល្លារ ដែលបានបើកការដ្ឋានស្ថាបនាកាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៨ ក្រោយអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ដែលមានបណ្តោយ ១.១៣១ ម៉ែត្រ ទទឹង ១៣,៥០ ម៉ែត្រ៕