បញ្ជូនជនសង្ស័យទៅតុលាការករណីលួចគាស់ផ្ទះមន្ត្រីយោធាម្នាក់នៅក្រុងតាខ្មៅ

កណ្ដាល៖សមត្ថកិច្ចបញ្ជូនខ្លួនជនសង្ស័យទៅតុលាការខេត្តកណ្តាលនៅព្រឹកថ្ងៃទី១៦ខែមីនាបន្ទាប់ពីនគរបាលក្រុងតាខ្មៅ ចាប់ខ្លួនពីបទលួចគាស់មន្ត្រីយោធាម្នាក់នៅក្រុងតាខ្មៅ និងដកហូតវត្ថុតាងមួយចំនួនដើម្បីចាត់ការតាមច្បាប់ ។ករណីនេះបានកើតឡើងនៅផ្ទះជនរងគ្រោះស្ថិតក្នុងភូមិក្រពើហារកើត សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាលកាលពីយប់ថ្ងៃទី១៣ ខែមីនាឆ្នាំ២០២១កន្លងទៅ ។

មន្ត្រីនគរបាលក្រុងតាខ្មៅបានឱ្យដឹងថា៖ ជនរងគ្រោះឈ្មោះ ពេជ្រ មុនីភេទប្រុស អាយុ៤០ឆ្នាំមន្ត្រីយោធា។ចំណែកជនសង្ស័យឈ្មោះ តុង ចាន់រ៉ា ភេទប្រុស អាយុ២៥ឆ្នាំ ស្នាក់ នៅ ភូមិកំពង់សំណាញ់ក្រុងតាខ្មៅ ខេត្តកណ្តាល ។ដោយឡែកវត្ថុតាង ៖ អាវុធខ្លី១ដើមម៉ាកLOCK. 17ពណ៌ខ្មៅផលិតនៅ ប្រទេសអូទ្រីស លេខ19 .00520  ,បង់១ ,ស្រោមពណ៌ខ្មៅ១ និងគ្រាប់ ចំនួន១៣គ្រាប់, កុំព្យូទ័រលេប ថប១ គ្រឿងម៉ាក ASUSពណ៌ទឹកមាស, ។

កន្ត្រៃដងជ័រពណ៌ក្រហមចំនួន១, ពិលពណ៌ខ្មៅចំនួន១ ម៉ាឡេត ពណ៌ទឹកប្រាក់ចំនួន១, កាបូបស្ពាយពណ៌ខ្មៅចំនួន១, កាបូបដៃពណ៌ខ្មៅចំនួន១, ប័ណ្ណសម្គាល់យាន យន្តផ្លាកលេខភ្នំពេញ1C B3314 ចំនួន ១សន្លឹក ។

 

សមត្ថកិច្ចបញ្ជាក់ថានៅមុនកើតហេតុ ជនរងគ្រោះនិងក្រុមគ្រួសារ បានចាក ចេញ ពីផ្ទះទៅលេង ផ្ទះម្តាយក្មេកនៅភូមិព្រែកតាពៅ សង្កាត់ដើមមៀន តាំងពីម៉ោង១០ព្រឹក ដោយបាន ចាក់ សោរទ្វារផ្ទះត្រឹមត្រូវ។ពេលជនសង្ស័យធ្វើសកម្មភាពប្រជាពលរដ្ឋនៅ ជិតខាង បានរាយការណ៍ថា បានឮសូរដូចមានគេលួចគាស់ផ្ទះដែលម្ចាស់មិននៅ។

ភ្លាមនោះ កម្លាំង សមត្ថកិច្ចបានចុះអន្តរាគមន៍ដល់កន្លែងកើតហេតុ ស្រាប់តែឃើញជន សង្ស័យ កំពុងស្ពាយកាបូបពណ៌ខ្មៅ ដើរចេញពីផ្ទះជនរង គ្រោះទើបឃាត់ខ្លួនតែម្តង ៕