ល្បី លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ​ ?

ឧត្តរមានជ័យ ៖ ប្រភពស្និទ្ធនឹងលោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ បានឲ្យដឹងថា ក្រោយពេលទទួលបានតំណែងជាប្រធានសាខាគយខេត្តឧត្តរមានជ័យ ជំនួសលោក យូ ហេង ដែលទៅធ្វើជាប្រធានសាខាគយខេត្តបាត់ដំបង នោះគឺលោក ឈុន សុភមង្គល ប្រើតួនាទីនិងអំណាចប្រព្រឹត្តអំពើពុករលួយពេញបន្ទុក។ ប្រភពបានឲ្យដឹងទៀតថា​ អំពើពុករលួយច្រើនបែបច្រើនយ៉ាងរបស់លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ ជា​ប្រភពចំណូលរបស់មេគយធំៗមួយចំនួន ក្នុងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ផងដែរទើបអ្វីៗអាចប្រព្រឹត្តទៅដោយរលូន។ ដូច្នេះហើយទើបលោក ឈុន​ សុភមង្គល បណ្តោយឲ្យមន្ត្រីគយចល័តក្នុងខេត្តឧត្តរមានជ័យ និងគយចល័តក្រសួងឈរជើងក្នុងខេត្តឧត្តរមានជ័យ ធ្វើអ្វីៗតាមអំពើចិត្តបើទោះបីត្រូវប្រឈមនឹងការរិះគន់យ៉ាងណាក៏ដោយ។

ថ្មីៗនេះលោក កែវ សារ៉ាត់ ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិជាំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ​ បើកដៃឲ្យឈ្មួញធំៗនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់តាមច្រកនេះយ៉ាងពេញបន្ទុកហើយក៏ជាប្រភពចំណូលរបស់ក្រុមគយចល័តក្រសួង ឈរជើងនៅស្នាក់ការក្នុងភូមិជើងភ្នំ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ផងដែរ។ ប្រភពស្និទ្ធ​នឹងលោក កែវ សារ៉ាត់ មេគយច្រកទ្វារអន្តរជាតិជាំ បានឲ្យដឹងថា បើគ្មានការបើកដៃពីសំណាក់លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ​ ​គឺលោក កែវ សារ៉ាត់ មិនហ៊ានធ្វើអ្វីៗតាមអំពើចិត្តរបស់ខ្លួននោះទេ។ ប្រភពស្និទ្ធនឹងលោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ បានឲ្យដឹងថា ដោយសារអាងមានលោក គុណ ញឹម អគ្គនាយកគយ ដ៏រឹងមាំទើបលោក ឈុន សុភមង្គល ហ៊ានបើកដៃឲ្យលោក កែវ សារ៉ាត់ ធ្វើអ្វីៗតាមអំពើចិត្តរបស់ខ្លួន។

ចំណែកប្រភពពីមន្ត្រីពាក់ព័ន្ធនៅច្រកទ្វាអន្តរជាតិអូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរាមានជ័យ ក៏បានឲ្យដឹងដែរថា លោក វ៉ាន់ ក្តេ ប្រធានការិយា​ល័យគយច្រកអូរស្មាច់ បានបើកដៃឲ្យឈ្មួញ ធំៗនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញ ខុសច្បាប់យ៉ាងគំហុក មួយរយៈចុងក្រោយនេះ។ ទន្ទឹមនឹងនេះលោក វ៉ាន់ ក្តេ តែងតែប្រើឈ្មោះ លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ ដើម្បីការពារទង្វើមិនប្រក្រតីនិង អំពើពុករលួយរបស់ខ្លួនយ៉ាងក្រអឺតក្រទម ហើយបង្កើនសកម្មភាពពុករលួយកាន់តែខ្លាំង។ ​ហេតុនេះលោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មិនគួរបណ្តែតបណ្តោយតទៅទៀតទេ ព្រោះករណីលោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ បើកដៃឲ្យមេគយនៅច្រកទ្វារអន្តរជាតិជាំ និងច្រកទ្វារអន្តរជាតិអូរស្មាច់ ធ្វើអ្វីៗតាមអំពើចិត្តគឺជារឿង​មិនអាចបិទបាំងបានទេ៕