ជិះម៉ូតូបុកជាមួយរថយន្តបណ្តាលឱ្យស្លាប់សមត្ថកិច្ចកំពុងស្រាវជ្រាវរកសាច់ញាតិ

ព្រះសីហនុ៖នៅយប់ថ្ងៃទី២២ខែមករាឆ្នាំ២០២១គ្រោះថ្នាក់ចរាចរមួយបានកើតឡើងបណ្តាលឱ្យមានមនុស្សស្លាប់ម្នាក់រវាងអ្នកជិះម៉ូតូបុកជាមួយរថយន្តកុងតឺន័រលើកំណាត់ផ្លូវជាតិលេខ៤ចន្លោះគីឡូម៉ែត្រ១៩៤/១៩៥ក្នុងភូមិអូរចំណារឃុំអូរឧកញ៉ាហេងស្រុកព្រៃនប់ខេត្តព្រះសីហនុ។

សមត្ថកិច្ចបានឱ្យដឹងថា៖ជនរងគ្រោះជិះម៉ូតូម៉ាកសុយហ្ស៊ុយគីនិចពណ៌ក្រហមគ្មានផ្លាកលេខមានទិសដៅចេញពីខេត្តព្រះសីហនុ។អ្នកបើកម៉ូតូបានវ៉ាជែងមកខាងឆ្វេងដៃចូលរថយន្តដឹកកុងតឺន័រម៉ាកហីយ៉ានពាក់ផ្លាកលេខព្រះសីហនុ3A6610ទិសដៅផ្ទុយគ្នាបណ្តាលឱ្យអ្នកបើកបរម៉ូតូស្លាប់។

សមត្ថកិច្ចបានបន្តថា៖ជនរងគ្រោះមិនស្គាល់អត្តសញ្គាណនៅឡើយទេខណៈកម្លាំងកំពុងស្រាវជ្រាវរកសាច់ញាតិ។ចំណែកអ្នកបើកបររថយន្តក៏មិនទាន់ស្គាល់អត្តសញ្ញាណដែរព្រោះក្រោយកើតហេតុបានរត់គេចខ្លួនបាត់។បច្ចុប្បន្នរថយន្តនិងម៉ូតូត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់៕