អភិបាលខេត្តកំពង់ចាមចុះត្រួតពិនិត្យផ្លូវចំនួន៨ខ្សែប្រវែងជិត១០០គីឡូម៉ែត្រ

កំពង់ចាម៖លោកអ៊ុនចាន់ដាអភិបាលខេត្តកំពង់ចាមនិងសហការីបានដឹកនាំមន្រ្តីចុះត្រួតពិនិត្យផ្លូវចំនួនប្រាំបីខ្សែនៅស្រុកព្រៃឈរ,ស្រុកកំពង់សៀម,និងស្រុកស្ទឹងត្រង់ប្រវែង៩៤.៤០០គីឡូម៉ែត្រកាលពីថ្ងៃទី១២ខែមករាឆ្នាំ២០២១។ក្នុងនោះផ្លូវក្រាលកៅស៊ូប្រភេទឌីប៊ីអេសធី(DBST)ពីធនាគារអភិវឌ្ឍន៍អាស៊ីADBRRIPIIIចំនួនបួនខ្សែដែលមានប្រវែងសរុបចំនួន៦០.៤០០ម៉ែត្របាននិងកំពុងដំណើរការស្ថាបនាដែលជាសមទ្ធផលរបស់រាជរដ្ឋាភិបាល តាមរយ:ក្រសួងអភិវឌ្ឍន៍ជនបទ។

លោកអ៊ឹងវិសុទ្ធប្រធានមន្ទីរអភិវឌ្ឍន៍ជនបទបានឱ្យដឹងថា៖ក្នុងនោះខ្សែទី១មានប្រវែង១៣.៥០០ម៉ែត្រពីឆ្លងកាត់ឃុំគរទៅទឹកឆាក្នុងស្រុកព្រៃឈរបច្ចុប្បន្នសាងសង់សម្រេចបានចំនួន៧០ភាគរយ។ខ្សែទី២មានប្រវែង១១.៣០០ម៉ែត្រឆ្លងកាត់ភូមិអូរតាថុកស្រុកព្រៃឈរ និងបុសថ្លាន់ ស្រុកចម្ការលើ សម្រេចបានចំនួន៧០ភាគរយ។ខ្សែទី៣ប្រវែង១៥.៥០០ម៉ែត្រឆ្លងកាត់ឃុំមេសរជ្រៃឆ្ពោះទៅវត្តលោស្រុកស្ទឹងត្រង់សម្រេចបានចំនួន៥០ភាគរយនិងខ្សែទី៤ប្រវែង២០.១០០ម៉ែត្រឆ្លងកាត់ភូមិដីក្រហមឆ្ពោះទៅឃុំអារក្សត្នោតស្រុកស្ទឹងត្រង់សម្រេចបានចំនួន ៥០ភាគរយ។

លោកវិសុទ្ធក៏បានឱ្យដែរថា៖ក្រសួងអភិវឌ្ឍន៍ជនបទនឹងធ្វើផ្លូវក្រាលកៅស៊ូប្រភេទDBSTបីខ្សែទៀត។ក្នុងនោះខ្សែទី១មានប្រវែង២.០០០ម៉ែត្រប្រើប្រាស់ថវិកាពហុឆ្នាំ២០២១,ទី២ប្រវែង២១.៥០០ម៉ែត្រពីភូមិដីក្រហមស្រុកស្ទឹងត្រង់ឆ្ពោះមកភ្នំហាន់ជ័យស្រុកកំពង់សៀមប្រើប្រាស់ថវិកាពហុឆ្នាំនិងទី៣ប្រវែង២៣.៥០០ម៉ែត្រពីព្រលានយន្តហោះស្រុកកំពង់សៀមទៅស្ទឹងត្រង់ប្រើថវិកាធនាគារពិភពលោកជំហាន២។ជាមួយគឺត្រូវសាងសង់ផ្លូវក្រាលក្រួសក្រហមប្រវែង១២.៣០០ម៉ែត្រឆ្លងកាត់ភូមិវាលបំពង់ ទៅកាន់ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់៕