អភិបាលខេត្តបន្ទាយមានជ័យនាំអំណោយសម្តេចតេជោជូនបងប្អូនពលករធ្វើចត្តាឡីស័កប្រមាណ ៣៧៥៤នាក់

ខេត្តបន្ទាយមានជ័យ ៖ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងជាប្រធានគណៈគម្មាការខេត្តប្រយុទ្ធជំងឺកូវីដ១៩ខេត្ត បានអញ្ជើញដឹកនាំក្រុមការងារចម្រុះខេត្ត ក្រុងចុះចែកអំណោយឧបត្ថម្ភ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដល់បងប្អូនពលករមកពីប្រទេសថៃដែលបាននឹងកំពុងធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ ដែលពិធីនេះធ្វើឡើងនាព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២១នេះនៅមណ្ឌលចត្តាឡីស័កកម្រិត២ថ្នាក់ខេត្ត នៅកងវ៉ា សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ចំនួន៥៨២នាក់។

សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជា ផ្តល់ការឧបត្ថម្ភដល់បងប្អូនពលករធ្វើចត្តាឡីស័ក ក្នុងមួយនាក់ៗអាហារ បីពេលក្នុងមួយថ្ងៃ ឃីត ១កញ្ចប់ ,មី ៦កញ្ចប់ និងទឹកបរិសុទ្ធវីតាល់ ១.៥លីត្រ ៦ដប ។

ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយ មានជ័យ បានឲ្យដឹងថា គិតមកដល់ថ្ងៃទី១១ ខែមករា ឆ្នាំ២០២១នេះ ក្នុងខេត្តមានបងប្អូនពលករត្រឡប់មកប្រទេសថៃកំពុងធ្វើចត្តាឡីស័កចំនួន ៣៧៥៤នាក់ ស្រី១៦០២នាក់ ហើយក្នុងនោះមាន វិជ្ជមានកូវីដ១៩ ចំនួន៨នាក់ ស្រី៦នាក់ ។

ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត ព្រមទាំងក្រុមប្រឹក្សាខេត្ត មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធទូទាំងខេត្ត តំណាងឲ្យបងប្អូនប្រជាពលរដ្ឋ ពិសេសបងប្អូនកំពុងធ្វើចត្តាឡីស័ក ជិត៤០០០នាក់ សូមថ្លែងអំណរគុណចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែល បានផ្តល់ការឧបត្ថម្ភថវិកាសម្រាប់អាហារហូបចុក អំណោយឃីត ។

ជាមួយគ្នានេះ ឯកឧត្តមអភិបាលតំណាងឲ្យប្រជាពលរដ្ឋទាំងអស់សូមគោរពដឹងគុណជានិច្ចចំពោះទឹកចិត្តសប្បុរសរបស់សម្តេច ដែលតែងតែយកចិត្តទុកដាក់សន្តោសប្រណីអាណិតស្រឡាញ់ដល់ប្រជាពលរដ្ឋគ្រប់រូប។ ទន្ទឹមនោះ ឯកឧត្តមក៏សូមគោរពជូនពរ សម្តេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រាបុត្រី ចៅប្រុសចៅស្រី បានប្រកបដោយពុទ្ធពរទាំងឡាយបួនប្រការគឺៈ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕