រដ្ឋមន្រ្តីក្រសួង​កសិកម្មអញ្ជើញមកពិនិត្យកសិដ្ឋានចិញ្ចឹមត្រីចំនួន​​០២កន្លែងស្ថិតនៅ​ខណ្ឌព្រែកព្នៅរា​ជធានីភ្នំពេ​ញ

នៅព្រឹកថ្ងៃអង្គារ ៧រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល និងមន្រ្តីជំនាញបានអញ្ជើញមកពិនិត្យកសិដ្ឋានចិញ្ចឹមត្រីចំនួន ០២កន្លែង ស្ថិតនៅខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។កសិដ្ឋានទី០១៖ កសិដ្ឋានលោក សឿ ម៉ៅ និងលោក លីម សុខហេង (លេខទំនាក់ទំនង ០៦៩ ៨៩២ ២២២) ស្ថិតនៅភូមិសំរោងត្បូង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ បានឱ្យដឹងថា កសិដ្ឋានចិញ្ចឹមត្រីនេះបានដំណើរការជាង ១៨ឆ្នាំហើយ បច្ចុប្បន្នកសិដ្ឋានមានស្រះចិញ្ចឹមត្រីប្រាចំនួន ១៥ស្រះ ទំហំចាប់ពី ៦ ០០០-១០ ០០០ម៉ែត្រការ៉េ សមត្ថភាពផលិតត្រីប្រាបាន ២ ០០០តោន/ឆ្នាំ ដោយប្រើចំណីផលិតដោយខ្លួនឯងផង និងក្រុមហ៊ុនផង។ ម្ចាស់កសិដ្ឋានបានបន្ថែមថា កសិដ្ឋានបាននិងកំពុងរៀបចំប្តូរទីតាំងទៅចិញ្ចឹមនៅខេត្តកំពង់ឆ្នាំងវិញលើផ្ទៃដីជាង១០ហិកតា ដោយសារតំបន់បច្ចុប្បន្ននេះកំពុងមានការអភិវឌ្ឍ និងមិនអំណោយផលក្នុងការចិញ្ចឹមទៀតទេ។
កសិដ្ឋានទី០២៖ ចេញពីកសិដ្ឋានលោក សឿ ម៉ៅ ឯកឧត្តមរដ្ឋមន្ត្រី និងសហការីបានបន្តដំណើរមកកសិដ្ឋានចិញ្ចឹមត្រីប្រាមួយទៀតស្ថិតនៅភូមិធំខាងជើង សង្កាត់ពញ្ញាពន់ ខណ្ឌព្រែកភ្នៅ។ លោក ង៉ែត ទូច អ្នកគ្រប់គ្រងទូទៅ (០៩៩ ៨៨៤៨៣៨) បានឲ្យដឹងថា កសិដ្ឋានបានដំណើរការ ០៧ឆ្នាំមកហើយ បច្ចុប្បន្នមានស្រះចិញ្ចឹមត្រីប្រាធំៗចំនួន ៨ស្រះ សរុបដាក់កូនត្រីចិញ្ចឹម ១លានកូន។ ដោយអនុវត្តតាមគោលការណ៍បច្ចេកទេសចិញ្ចឹមត្រីដូចជាការផ្តល់ចំណី ការសម្អាតស្រះ ការគ្រប់គ្រង ប្រើប្រាស់ និងសម្អាតទឹក។ល។ រួមផ្សំជាមួយពូជល្អ ចំណីមានគុណភាព លក្ខខណ្ឌចិញ្ចឹមអំណោយផល ការថែទាំប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ ជាពិសេសការលក់ដុំ និងលក់រាយដោយខ្លួនឯងផ្ទាល់នៅលើទីផ្សារ មិនរំពឹងឈ្មួញកណ្តាល កសិដ្ឋានអាចប្រមូលផល និងលក់បាន ៧០០តោន/ឆ្នាំ ហើយអនាគតគ្រោងចិញ្ចឹមឲ្យបាន ១ ០០០តោន/ឆ្នាំ ដើម្បីឆ្លើយតបតាមសេចក្តីត្រូវការទីផ្សារក្នុងស្រុក។ ពិនិត្យឃើញទិដ្ឋភាពជារួម និងសកម្មភាពចិញ្ចឹមរបស់កសិដ្ឋានទាំងពីររួចមក ឯកឧត្ដមរដ្ឋមន្រ្តីបានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងប្រកាន់យករបរចិញ្ចឹមត្រី ដើម្បីចូលរួមចំណែកបំពេញសេចក្តីត្រូវការទីផ្សារក្នុងស្រុក និងកាត់បន្ថយការនាំចូល។ បើទោះជាតម្រូវការទីផ្សារ និងតម្លៃមានការធ្លាក់ចុះបន្តិចក្តី ឯកឧត្តមរដ្ឋមន្ត្រីបានលើកទឹកចិត្តឱ្យវារីវប្បករត្រូវបន្តរក្សាមុខរបរនេះ ព្រោះថានេះគឺជាអាជីពយ៉ាងរឹងមាំ និងបានចូលរួមយ៉ាងមានប្រសិទ្ធភាពជាមួយរាជរដ្ឋាភិបាលក្នុងការធានាសន្តិសុខស្បៀងសម្រាប់ប្រជាជន និងសេដ្ឋកិច្ចជាតិ។ឆ្លៀតយកឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានណែនាំឱ្យរដ្ឋបាលជលផល និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី-ខេត្ត និងសមាគមវារីវប្បករកម្ពុជា ជួយរកទីផ្សារ ដើម្បីរក្សានិរន្តរភាពផលិតកម្មចិញ្ចឹម ហើយជួយរៀបចំផែនការផលិតកម្ម ចងក្រងបណ្តុំអ្នកចិញ្ចឹម និងបញ្ចូលបច្ចេកទេសថ្មីៗបន្ថែមទៀតទាំងការផលិតកូន ផ្តល់ចំណី និងបរិស្ថានចិញ្ចឹម ឈានឆ្ពោះទៅបំពេញខ្សែច្រវាក់ផលិតកម្ម រួមទាំងខ្សែច្រវាក់តម្លៃបន្ថែមសំដៅដល់ការកែច្នៃ។ ឯកឧត្តមរដ្ឋមន្ត្រីក៏បានធ្វើស្នើដល់អាជ្ញាធរមានសមត្ថកិច្ចជួយទប់ស្កាត់ការនាំចូលត្រីខុសច្បាប់ពីប្រទេសជិតខាង ហើយអំពាវនាវដល់អ្នកនាំចូលត្រីងាកមកប្រមូលទិញត្រីរបស់វារីប្បករវិញ ដើម្បីបំពេញតម្រូវការក្នុងស្រុកវិញ។ ទន្ទឹមនឹងនេះ ចំពោះអ្នកបរិភោគ និងអ្នកប្រើប្រាស់ កែច្នៃផលិតផលត្រី សូមបន្តជួយគាំទ្រផលិតផលក្នុងស្រុក ដើម្បីជួយជំរុញកំណើនផលិតកម្មវារីវប្បកម្មក្នុងស្រុកឱ្យកាន់តែកើនឡើងទាំងបរិមាណ គុណភាព និងតម្លៃ ជាពិសេសលោកសុំឱ្យវិនិយោគិនក្នុងស្រុកបង្កើនការវិនិយោគក្នុងវិស័យវារីវប្បកម្ម ដើម្បីចូលរួមបង្កើនផលិតកម្មស្បៀង ផ្គត់ផ្គង់ឱ្យបានគ្រប់គ្រាន់តាមតម្រូវការក្នុងស្រុកក្នុងបរិបទនៃការរីករាលដាលជាសកលនៃជំងឺឆ្លងកូវិដ-១៩។
សូមជម្រាបជូនថា សកម្មភាពនៃការអញ្ជើញចុះមកពិនិត្យកសិដ្ឋានចិញ្ចឹមត្រីនាព្រឹកនេះ គឺជាផ្នែកមួយនៃការជួយជំរុញ និងលើកទឹកចិត្តដល់ផលិតកម្មចិញ្ចឹមត្រីក្នុងស្រុក តាមរយ:ការនាំយកតួអង្គពីរសំខាន់មកជួបគ្នា គឺរដ្ឋបាលជលផល និងសមាគមវារីវប្បករកម្ពុជា ដើម្បីសហការ សម្របសម្រួលទាំងផ្នែកទីផ្សារ និងការអនុវត្តបច្ចេកទេសឱ្យកាន់តែល្អប្រសើរ និងមានប្រសិទ្ធភាពលើផលិតកម្មចិញ្ចឹមក្នុងគោលដៅរួមមួយគឺអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការជំរុញផលិតកម្មស្បៀងតាមរយ:ការបង្កើនផលិតកម្មចិញ្ចឹមត្រីដូចជាត្រីអណ្តែង ត្រីប្រា ត្រីឆ្តោ ត្រីពោ និងកង្កែប៕