ឯកឧត្តម វ៉ា ថន បន្តចុះសួរសុខទុក្ខ និងនាំអំណោយកាកបាទក្រហមកម្ពុជាចែកប្រជាពលរដ្ឋ២៩៥ គ្រួសារក្នុងស្រុកចិត្របុរី

ខេត្តក្រចេះ ៖ ឯកឧត្តម វ៉ា ថន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តក្រចេះអមដំណើរដោយ ឯកឧត្តម លោកជំទាវ អនុប្រធាន សមាជិក សមាជិកា គណៈកម្មាធិការសាខា និងសហការី នៅព្រឹកថ្ងៃចន្ទ ១៤កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជាចែកជូនជនចាស់ជរា ស្រ្តីមេម៉ាយ កុមារកំព្រា និងគ្រួសាររងគ្រោះដោយគ្រោះរាំងស្ងួត សរុបចំនួន២៩៥គ្រួសារ មកពីឃុំចំនួន៤ ក្នុងស្រុកចិត្របុរី ដែលពិធីនេះបានរៀបចំឡើង នៅបរិវេណសាលារៀនឃុំកន្ទួត។

ក្នុងឱកាសនោះ ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តបាន ពាំនាំនូវប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជាបានផ្ដាំផ្ញើសួរសុខទុក្ខ និងក្តីនឹករលឹក ការស្រឡាញ់រាប់អានយ៉ាងជ្រាលជ្រៅចំពោះបងប្អូនប្រជាពលរដ្ឋយើង ឮ ហើយក្នុងនាមសម្តេចជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិកឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាព ស្រ្តី និងកុមារ សម្តេច តែងតែយកចិត្តទុកដាក់គិតគូរពីសុខទុក្ខប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ ចាស់ជរា ស្រ្តីមេម៉ាយ កុមារកំព្រា អ្នករស់នៅជាមួយមេរោគអេដស៍ ជាពិសេសសម្តេចតែងឆ្លើយតប និងជួយសង្គ្រោះចំពោះគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់និន្នាការនិន្នាការនយោបាយ អ្វីទាំងអស់។

ជាមួយគ្នានោះ ឯកឧត្តមគណៈអភិបាលខេត្តក៏បានណែនាំដល់ប្រជាពលរដ្ឋទាំងអស់ត្រូវខិតខំបង្កើនសេដ្ឋកិច្ចគ្រួសារ ដូចជាការ ចិញ្ចឹមសត្វ រួមទាំងដាំដុះដំណាំចម្រុះផ្សេងៗ ដើម្បីធ្វើយ៉ាងណាឲ្យការរស់នៅរបស់បងប្អូន ប្រជាពលរដ្ឋ មានជីវភាពកាន់តែល្អប្រសើរឡើង។ លើសពីនេះ ឯកឧត្តមបានរំលឹកថ្ងៃ ៧ មករាជាថ្ងៃកំណើតទី២របស់យើងទាំងអស់គ្នា និងប្រជាពលរដ្ឋទូទាំងប្រទេសរហូតដល់បច្ចុប្បន្នទទួលបាននូវសុខសន្តិភាពយ៉ាងត្រចះត្រចង់លើឆាកជាតិ និងអន្តរជាតិ។

ជាមួយគ្នានោះ ឯកឧត្តមក៏បានអំពាវនាវដល់ពលរដ្ឋទាំងអស់ត្រូវចូលរួមថែរក្សាការពារសុខសន្តិភាពឲ្យបានគង់វង្ស ព្រោះមានសុខសន្តិភាព ទើបមានការអភិវឌ្ឍលើគ្រប់វិស័យបាន។ ទន្ទឹមនោះ ឯកឧត្តម ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋត្រូវចូលរួមអនុវត្តឲ្យបាននូវវិធានការ និងការណែនាំរបស់ក្រសួង សុខាភិបាលដែលបានដាក់ចេញដើម្បីការពារការរីករាលដាលនៃជំងឺកូវីដ១៩ ក្នុងសហគមន៍។ ពិសេស អនុវត្តន៍ឲ្យបាននូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជាត្រូវធ្វើអនាម័យលាងដៃនឹងសាប៊ូ អាល់កុល ឬជែលឲ្យបានជាប្រចាំ រក្សាគម្លាតសង្គម និង មិនត្រូវចូលរួមក្នុងចំណោមហ្វូងមនុស្សច្រើន ពេលចេញពីផ្ទះសូមពាក់ម៉ាសការពារឲ្យបានត្រឹមត្រូវ។

សូមបញ្ជាក់ផងដែរថា អំណោយដែលបានផ្តល់ជូនពេលនេះក្នុង១គ្រួសារទទួលបាន ៖ អង្ករ២៥គីឡូក្រាម, មី១កេស, ត្រីខ១០កំប៉ុង ជាអំណោយរបស់កាកបាទក្រហមកម្ពុជារួមនិងថវិកា២០,០០០រៀលជាអំណោយរបស់សាខាខេត្តក្រចេះ៕