នៅ​ខេត្តពោធិ៍សាត់​ទឹកស្ទឹង​បាន​ស្រក​ចុះ​ឯ​ទឹកទន្លេ​បាន​កើនឡើង​

ពោធិ៍សាត់ៈ​មន្ត្រី​មន្ទីរជំនាញ​ខេត្តពោធិ៍សាត់​បានបញ្ជាក់​ឱ្យដឹងថាៈ​ស្ថានភាព​ជំនន់​ទឹកភ្លៀង នៅ​ខេត្តពោធិ៍សាត់ ដែល​ធ្វើឱ្យ​លិចលង់​គិតពី​ថ្ងៃទី​១០ មកដល់​រសៀល​ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០២០​ស្ថានភាព​កម្ពស់​ទឹកស្ទឹង​ពោធិ៍សាត់ បាន​ស្រក​១​តឹក​។​ប៉ុន្តែ​ការលិចលង់ ផ្ទះសម្បែង និង​រង​ផលប៉ះពាល់ ប្រជាពលរដ្ឋ នៅ​មិនទាន់បាន​ធូ​ស្រាល​នៅឡើយ​ទេ ។

​មន្ត្រី​ដដែល​បាន​បន្តថាៈ​ចំណែក​ទឹកស្ទឹង​ក្រវាញ នៅ​ផ្នែក​ខាងលើ បាន​ស្រក​ចុះ​១,៥៥ ម៉ែត្រ និង​ទឹកស្ទឹង​វាលវែង ក៏បាន​ស្រក​ចុះ រហូតដល់ ១,៧ ម៉ែត្រ ។ ដោយឡែក ទឹក​បឹង​ទន្លេ​នៅ​ចំណុច​ស្ថានីយ៍​ជល​សាស្ត្រ​កំពង់​លួង​ត្រូវគេ​ពិនិត្យឃើញថា មានការ​កើនឡើង រហូត​កម្ពស់ ០,២៩ ម៉ែត្រ​ដែលមាន​កម្ពស់រ​ហូត​ដល់​ទៅ ៤,២៦ ម៉ែត្រ ។​

​តែបើ​ទោះជា​ស្ថានភាព ទឹកស្ទឹង​ពោធិ៍សាត់ មានការ​ស្រក​ចុះ ក៏ពិតមែន តែ​សូម​ប្រជាពលរដ្ឋ ត្រូវតែមាន​ការប្រុងប្រយ័ត្ន​ផ្ទះសំបែង ពិសេស​គឺ​ក្មេង​តូចៗ មាតាបិតា អាណាព្យាបាល ត្រូវតែមាន​ការប្រុងប្រយ័ត្ន ទាំងអស់គ្នា និង​សូមកុំ​ទុក​ពួកគាត់​ចោល​ឱ្យនៅ​ម្នាក់ឯង​៕