អាជ្ញាធរខេត្តដាក់ចេញទិសដៅការងារ៥ចំណុចដើម្បីឲ្យការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០ប្រព្រឹត្តទៅដោយរលូន

ខេត្តស្វាយរៀង ៖ ឯកឧត្ដម តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀងតំណាងឯកឧត្ដម ម៉ែន វិបុល អភិបាលខេត្ត និងឯកឧត្ដម សួស សាមឌី សមាជិកក្រុមប្រឹក្សាខេត្ត តំណាងឯកឧត្ដម ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្តបានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធក្នុងដំណាក់កាលនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០។

កិច្ចប្រជុំនេះរៀបចំនាសាលប្រជុំលេខាធិការដ្ឋានគ.ជ.ប ខេត្ត នៅព្រឹកថ្ងៃចន្ទ ១០រោច ខែអស្សុជ ឆ្នាំជូត ទោស័កព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ ដោយមានការចូលរួមពីលោក លោកស្រីអភិបាល អភិបាលរងក្រុងស្រុកទាំង៨ លោកប្រធានលេខាធិការដ្ឋានគ.ជ.ប ខេត្ត និងសហការី កងកម្លាំងទាំង៣ប្រភេទ លោក លោកស្រីតំណាងគណបក្សនយោបាយ លោក លោកស្រីតំណាងអង្គការសង្គមស៊ីវិល លោកអនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត តំណាងមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តំណាងមន្ទីរព័ត៌មានខេត្ត សរុបអ្នកចូលរួមប្រមាណ៤៩នាក់ ស្រី៥នាក់។

ដើម្បីឱ្យដំណើរនៃការពិនិត្យឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០ ប្រព្រឹត្តទៅដោយរលូន និងជោគជ័យ ទទួលបាននូវបញ្ជីឈ្មោះសុក្រឹត្យភាព និងបច្ចុប្បន្នភាព ឯកឧត្ដម តូច ប៉ូលីវ៉ា បានសំណូម និងដាក់ចេញនូវការងារចំនួន៥ចំណុចមានដូចជា ៖

១.សូមគ្រប់បណ្ដាភាគីគណបក្សនយោបាយពាក់ព័ន្ធ សិក្សាពីច្បាប់ សេចក្ដីណែនាំ និងក្របសីលធម៌ភ្នាក់ងារគណបក្សនយោបាយ ពាក់ព័ន្ធនឹងការចុះឈ្មោះបោះឆ្នោត ហើយបណ្ដុះបណ្ដាលឲ្យភ្នាក់ងារគណបក្សនយោបាយយល់ច្បាស់ពីតួនាទី ភារកិច្ចឲ្យបានត្រឹមត្រូវ។

២.គ្រប់ភ្នាក់ងារគណបក្ស នយោបាយ អ្នកសង្កេតការណ៍ និងភាគីដែលពាក់ត្រូវអនុវត្តតាមដែលចុះតាមការិយាល័យចុះឈ្មោះ សូមស្ដាប់តាមការណែនាំរបស់មន្រ្តី ក្រុមចុះឈ្មោះបោះឆ្នោត ហើយមិនត្រូវប្រព្រឹត្តនូវទង្វើ ឬសកម្មភាពណាដែលរំខាន និងបង្អាក់ដល់ដំណើរការនៃការចុះឈ្មោះ ជាពិសេសរក្សាបាននូវសេចក្ដីថ្លៃថ្នូរ និងមិនត្រូវផ្សព្វផ្សាយគ្រប់រូបភាពដែល បង្ហោះលើបណ្ដាញទំនាក់ទំនងសង្គមណាដែលធ្វើឲ្យប៉ះពាល់ដល់ដំណើរការចុះឈ្មោះ រាល់កំហុសឆ្គងដែលកើតមានឡើងសូមបន្តចូលរួមដោះស្រាយដោយ ភាពអធ្យាស្រ័យ យោគយល់គ្នា រក្សានូវសេចក្ដីថ្លៃថ្នូរ និងរួមចំណែកទទួលខុសត្រូវធ្វើយ៉ាងណាឲ្យលទ្ធផលនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះទទួលបាននូវលទ្ធផលត្រជះត្រចង់។

៣.សូមកងកម្លាំងសមត្ថកិច្ចបន្តជួយចូលរួមរក្សាសុវត្ថិភាព សណ្តាប់ធ្នាប់នៅជុំវិញទីតាំងការិយាល័យចុះឈ្មោះឱ្យបានជាប់ជាប្រចាំ។

៤.អាជ្ញាធរក្រុងស្រុកទាំង៨ បន្តជំរុញផ្សព្វផ្សាយព័ត៌មានដល់ប្រជាជនបន្ថែមទៀតបានចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ចំនួនគ្រោងទុក មិនសំខាន់ទេ សំខាន់គឺប្រជាជនរស់នៅក្នុងឃុំសង្កាត់បានទៅចុះឈ្មោះបោះឆ្នោតគ្រប់គ្នា។

៥.មន្ទីរអប់រំ យុវជន និងកីឡា និងមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបន្តជួយសហការសម្របសម្រួលជំរុញឲ្យសិស្សានុសិស្សដែលគ្រប់អាយុបានទៅចុះឈ្មោះបោះឆ្នោត និងកម្មករ កម្មការនីដែលមិនទាន់បានចុះឈ្មោះ បានទៅចុះឈ្មោះបោះឆ្នោត អោយបានគ្រប់ៗគ្នា៕