ឧត្តមសេនីយ៍ឯក​ ឆាយ​ គឹ​ម​ខឿន ក្រើនរំលឹក​ដល់​កងកម្លាំង​នគរបាល​ទាំងអស់ត្រូវ​ការពារ​ឲ្យ​បាន​ដាច់ខាត​នូវ​ភាព​សុខសាន្ត​របស់​ប្រជាពលរដ្ឋ​

ខេត្តកំពង់ស្ពឺ ៖ ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ឆាយ​ គឹ​ម​ខឿន​ អគ្គស្នងការ​រង​នគរបាល​ជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នជំនាញវិជ្ជាជីវៈផ្ទៃក្នុងនគរបាលជាតិ តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិជូនមន្ត្រីនគរបាលជាតិ នៅសាលានគរបាលជាតិមិត្តភាពកម្ពុជា-វៀតណាម ស្ថិតនៅឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច​ ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០។

ក្នុងឱកាសនោះ ឯកឧត្តម ឆាយ គឹមខឿន បាននាំយកមតិផ្តាំផ្ញើសួរសុខទុក្ខរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ ជាមួយគណៈគ្រប់គ្រងសាលា និងសិក្ខាកាមទាំងអស់ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យក្នុងវគ្គបណ្តុះបណ្តាលនេះ។

ឯកឧត្តម បានក្រើនរំលឹកដល់សិក្ខាកាមទាំងឡាយ ដែលនិយមប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម និងតែងតែទទួលបាននូវដំណឹង ឬ ព័ត៌មានមួយចំនួនតាមបណ្តាញសង្គម សូមធ្វើការពិចារណាស្វែងរកមូលដ្ឋានពិតប្រាកដចៀសវាងធ្វើការសម្រេចជឿព័ត៌មានទាំងនោះខុស ប៉ះពាល់ដល់វិជ្ជាជីវៈរបស់ខ្លួន ពិសេសព័ត៌មានទាំងឡាយណាមានចរិតញុះញង់បំផុសបំផុលបំពុលបរិយាកាសសង្គម ដែល​អាច​ឈាន​ដល់​ការ​ធ្វើ​បដិវត្ត​ពណ៌​ បំផ្លាញ​សុខ​សន្តិភាព​ប្រទេស​ជាតិ​ដែល​កំពុង​មាន​សព្វថ្ងៃ​ ។​ យើងត្រូវនាំគ្នាផ្សព្វផ្សាយនូវព័ត៌មានល្អៗរបស់នគរបាលក្នុងការបំពេញភារកិច្ចជូនអង្គភាព និងប្រជាជន ទទួលយកមតិរិះគន់ក្នុងន័យស្ថាបនាធ្វើជាមូលដ្ឋានកែលម្អការអនុវត្តជំនាញ និងបន្សាបព័ត៌មានក្លែងក្លាយដែលបំពុលបរិយាកាសសង្គម បង្កឲ្យប្រជាពលរដ្ឋមានការយល់ច្រឡំ។

ឯកឧត្តម​ ឧត្តមសេនីយ៍ឯក ឆាយ​ គឹមខឿន ថ្លៃបញ្ជាក់ថា នា​ពេល​បច្ចុប្បន្ន​នេះ​ រាជរដ្ឋាភិបាល​បាន​បើក​ឲ្យ​ប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេ​សបុ​កដោយ​សេរី​ រហូត​អ្នកខ្លះ​បាន​យក​បណ្តាញ​សង្គម​នេះ​ មក​ធ្វើការ​រិះគន់​ និង​ញុះញង់​ឲ្យ​ប្រជាពរដ្ឋមានការយល់ច្រឡំ មកលើថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និង​ពេលខ្លះប្រើប្រាស់បណ្តាញព័ត៌មានមួយនេះវាយប្រហារនគរបាលជាតិយើង។

​ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ឆាយ​ គឹ​ម​ខឿន​ ក៏​បាន​លើក​ឡើង​ផង​ដែរ​ថា​ នា​ពេល​បច្ចុប្បន្ន​នេះ​ប្រទេស​ជាតិ​កំពុង​មាន​សុខ​សន្តិភាព​ និង​ការ​អភិវឌ្ឍ​ជា​បន្តបន្ទាប់​ក្រោម​ការ​ដឹកនាំ​របស់​ សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ដូច្នេះ​ក្នុង​នាម​យើង​ជា​នគរបាល​ត្រូវ​តែ​ការពារ​ឲ្យ​បាន​ដាច់ខាត​នូវ​ភាព​សុខសាន្ត​របស់​ប្រជាពលរដ្ឋ​ និង​ប្រទេស​ជាតិ​ ដោយ​មិន​ត្រូវ​អនុញ្ញាត​ឲ្យ​បុគ្គល​ណាមួយ​មក​ធ្វើការ​បំផ្លិចបំផ្លាញ​បាន​នោះ​ឡើយ​ ពិសេសការពារឲ្យបានដាច់ខាតនូវបាវចនាជាតិ។

​ឯកឧត្តម​ អគ្គស្នងការរងនគរបាលជាតិ បាន​ក្រើនរំលឹក​ដល់​កងកម្លាំង​នគរបាល​ទាំងអស់​ ត្រូវ​ស្មោះត្រង់​ចំពោះ​រដ្ឋធម្មនុញ្ញ​ ព្រះមហាក្សត្រ​ រាជរដ្ឋាភិបាល​ ជា​ពិសេស​មាន​ឆន្ទៈ​ ក្រមសីលធម៌វិជ្ជាជីវៈ សាមគ្គីភាពផ្ទៃក្នុង និងគុណធម៌ក្នុងការបម្រើប្រជាពលរដ្ឋលរដ្ឋ​ និងពេលត្រឡប់ទៅអង្គភាពវិញខិតខំបន្តស្រាវជ្រាវជំនាញបន្ថែមភាពដើម្បីពង្រឹងសមត្ថភាពការងារ សម្រេចភារកិច្ចដែលថ្នាកដឹកនាំប្រគល់ឲ្យប្រកបដោយប្រសិទ្ធភាព និងភាពស័ក្តិសិទ្ធ។​ ជាមួយ​គ្នា​នោះ​ ឯកឧត្តម​ ក៏​បាន​អំពាវនាវ​ដល់​សិក្ខាកាម​ជា​នគរបាល​ទាំងអស់​ត្រូវ​អនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​វិធាន​សុខាភិបាលក្នុងការបង្ការទប់ស្កាត់មេរោគឆ្លងកូវីដ១៩ ខណៈ​មេរោគ​នេះ​នៅ​តែ​បន្ត​កើត​ឡើងជា​បន្តបន្ទាប់​នៅ​លើ​សកលលោក​ “សូមកុំសន្តិភាពនិយម ជាមួយនឹងជាមួយនឹងមេរោគមួយនេះឲ្យសោះ”។

​ក្នុង​ឱកាស​នោះ​ដែរ​ ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ឆាយ​ គឹ​ម​ខឿន​ ក៏​បាន​នាំ​យក​ថវិកា​របស់​ ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ សន្តិ​បណ្ឌិត​ នេ​ត​ សា​វឿ​ន​ អគ្គស្នងការ​នគរបាល​ជាតិ​ ឧបត្ថម្ភ​ដល់​ថ្នាក់ដឹកនាំ​ មន្ត្រី​នៃ​សាលា​នគរបាល​មិត្តភាព​កម្ពុជា​-​វៀតណាម​ ចំនួន​ ៥១នាក់ និង​សិក្ខាកាម​ជា​នគរបាល​ចំនួន​ ៥៣​នាក់​ ក្នុងម្នាក់​ទទួលបានថវិកា៥​ម៉ឺន​រៀល​ និង​បាន​ឧបត្ថម្ភ​ភេសជ្ជៈ​មួយ​ចំនួន​ ដើម្បី​សម្រាប់​អាហារ​សាមគ្គី​ផង​ដែរ​៕