រដ្ឋបាលរាជធានីភ្នំពេញបើកកិច្ចប្រជុំស្ដីពីការពង្រឹងការងារសន្តិសុខ សុវត្ថិភាពនៅតាមខុនដូរ និងបុរី

ភ្នំពេញ ៖ នារសៀលថ្ងៃព្រហស្បតិ៍ ០៦រោច ខែអស្សុជ ឆ្នាំជូត ទោស័កព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២០ រដ្ឋបាលរាជធានីភ្នំពេញបានបើកកិច្ចប្រជុំស្ដីពីការពង្រឹងការងារសន្តិសុខ សុវត្ថិភាពនៅតាមខុនដូរ និងបុរីក្នុងរាជធានីភ្នំពេញ។

កិច្ចប្រជុំនេះស្ថិតក្រោមអធិបតីភាពឯកឧត្ដម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ដោយមានការចូលរួមពី ឯកឧត្ដម លោកជំទាវជាថ្នាក់ មន្ទីរអង្គភាពជំនាញពាក់ព័ន្ធ លោក លោកស្រី អភិបាល អភិបាលរងខណ្ឌ និងតំណាងខុនដូរ បុរីទាំងអស់ក្នុងរាជធានីភ្នំពេញ។

ឯកឧត្តម នាយឧត្តមសេនីយ៍ នេត សាវឿន និងេកឧត្តម ឃួង ស្រេង បានមានប្រសាសន៍ថា ដើម្បីចូលរួមឱ្យឃុំ-សង្កាត់ មានសុខសុវត្ថិភាព គ្មានគ្រឿងញៀន គ្មានចោរកម្ម អាជ្ញាធរមូលដ្ឋាន និងអ្នកគ្រប់គ្រងបុរីទាំងអស់ ត្រូវមានកិច្ចសហការជាមួយគ្នាឱ្យបានល្អជាមួយអាជ្ញាធរមានសមត្ថកិច្ច ក្នុងកិច្ចការការពារសន្តិសុខ សណ្ដាប់ធ្នាប់របៀបរៀបរយសាធារណៈ និងរៀបចំប្រព័ន្ធពន្លត់អគ្គិភ័យ ជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក៏ដូចបងប្អូនរស់នៅតាមខុនដូរ និងបុរី ប្រកបដោយមានទំនុកចិត្ត និងមានផាសុខភាពទាំងការរស់នៅទាំងការប្រកបរបរអាជីវកម្មរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងរាជធានីភំ្នពេញ។

ឯកឧត្តមបន្តថា ការពង្រឹងកិច្ចសហការរវាងម្ចាស់បុរី និងសមត្ថកិច្ចនេះ គឺដើម្បីអាចរាយការណ៍ឲ្យគ្នាទៅវិញទៅមក នៅពេលមានករណី មិនប្រក្រតីណាមួយកើតឡើង ដែលអាចឲ្យសមត្ថកិច្ចជួយអន្តរាគមន៍ជួយដោះស្រាយបានទាន់ពេលវេលា។ ឯកឧត្តមបានអះអាងថា កិច្ចសហការនោះ ត្រូវផ្ដល់ទិន្នន័យចេញពីកាមេរ៉ាសុវត្ថិភាពជូនសមត្ថកិច្ច ហើយសមត្ថកិច្ចនឹងរក្សាការសម្ងាត់ជូន ដោយមិនអនុញ្ញាតឲ្យទិន្នន័យត្រូវបានចែកចាយឡើយ។

បើតាមឯកឧត្តម ឃួង ស្រេង បច្ចុប្បន្ននេះនៅរាជធានីភ្នំពេញ មានសំណង់បុរីជាច្រើនបានរស់នៅដាច់ដោយឡែក ហើយកន្លែងខ្លះមានភាពស្មុគស្មាញ ងាយកើតឡើងនូវបទល្មើសនានាដែលទាមទារឲ្យភាគីទំាង២ មានកិច្ចសហការជាមួយគ្នាទ្វេដង ដើម្បីបង្កើនភាពកក់ក្តៅជូនដល់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងបុរីនោះ។

នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការដ្ឋាននគរបាលជាតិ បានគាំទ្រចំពោះយន្តការទាំងនេះ ដែលធានាបានសន្តិសុខសុវត្ថិភាព ជូនអ្នកស្នាក់នៅ៕