ឯកឧត្តម ម៉ែន វិបុល អនុញ្ញាតឲ្យឯកអគ្គរាជទូតជប៉ុនចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

ខេត្តស្វាយរៀង ៖ នាព្រឹកថ្ងៃព្រហស្បតិ៍៦រោច ខែអស្សុជ ឆ្នាំ ជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី៨ ខែតុលា ឆ្នាំ២០២០នេះ ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអនុញ្ញាតឲ្យឯកឧត្តម Masahiro MIKAMI ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីជួបសម្តែងការគួរសម និងស្តាប់ព័ត៌មានសង្ខេបអំពីស្ថានភាពទូទៅនៅក្នុងខេត្តស្វាយរៀង។

អញ្ជើញចូលរួមក្នុងជំនួបនេះមាន ឯកឧត្តមអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកនាយកទីចាត់ការរដ្ឋបាលសាលាខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។

មានប្រសាន៍ទៅកាន់ ឯកឧត្តម Masahiro MIKAMI ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ជូន អំពីស្ថានភាពភូមិសាស្ត្រ និងតំបន់សក្កានុពលសំខាន់ៗ ដែលរដ្ឋបាលខេត្តសម្រេចបាន រួមមាន វិស័យសេដ្ឋកិច្ច ឧស្សាហកម្ម ពាណិជ្ជកម្ម និងកសិកម្ម ជាពិសេសតំបន់សេដ្ឋកិច្ចពិសេសនានានៅខេត្តស្វាយរៀង ក្នុងនោះក្រុមហ៊ុនជប៉ុនក៏បានបណ្តាក់ទុនវិនិយោគជាច្រើនក្រុមហ៊ុនផងដែរ ដែលបានផ្តល់ការងារ ធ្វើជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀង និងមកពីតាមបណ្តាខេត្តសរុបជាង៨ម៉ឺននាក់។

ទន្ទឹមនោះ ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត បានថ្លែងនូវការអរគុណចំពោះជំនួយរបស់ជប៉ុន ជួយដល់វិស័យរដ្ឋនានាក្នុងខេត្ត ព្រមទាំងក្រុមហ៊ុនដែលបានមកបណ្តាក់ទុនវិនិយោគនៅលើទឹកដីខេត្តស្វាយរៀងជាបន្តបន្ទាប់នាពេលកន្លងមក និងអរគុណចំពោះឯកឧត្តម Masahiro MIKAMI ឯកអគ្គរាជទូតជប៉ុន ដែលបានឆ្លៀតពេលពេលវេលាអញ្ជើញមកសិក្សាស្វែងយល់ពីស្ថានភាពទូទៅ អំពីសក្ដានុពល និងការអភិវឌ្ឍខេត្ត ការពង្រឹងចំណងកិច្ចសហប្រតិបត្តិការរវាងប្រទេសជប៉ុន និងខេត្តស្វាយរៀង ការពង្រឹងកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុនជប៉ុន និងខេត្តស្វាយរៀង ជាពិសេសក្នុងកិច្ចការការពារសន្តិសុខ សុវត្ថិភាព និងទ្រព្យសម្បត្តិរបស់អ្នកវិនិយោគជប៉ុនដែលកំពុងប្រតិបត្តិការក្នុងខេត្តស្វាយរៀង ព្រមទាំងឱកាសវិនិយោគបន្ថែមទៀតនាពេលខាងមុខ៕