រដ្ឋមន្រ្តីវេង​សាខុនបាន​អញ្ជើញមកជួបសំ​ណេះ​សំណាលសាកសួរ​សុខទុក្ខនិងនាំយកកូនត្រីអណ្តែងកូនកង្កែបនិង​សម្ភារចិញ្ចឹមមួ​យចំនួនចែកជូ​នកសិករ៥​០គ្រួសា​រ

សម្រាប់យុទ្ធនាការចុះចែកកូនត្រីអណ្តែងកូនកង្កែបនិងសម្ភារចិញ្ចឹមមួយចំនួនទៀតជូនកសិករយកទៅចិញ្ចឹមជាលក្ខណគ្រួសារ តាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្រ្តីសម្រាប់ខេត្តកំពង់ស្ពឺចូលដល់ជុំទី២ ហើយ នាព្រឹកថ្ងៃសៅរ៍ ១រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី៣ ខែតុលា ឆ្នាំ២០២០ ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន អមដំណើរជាមួយដោយ ឯកឧត្តម លោកជំទាវរដ្ឋលេខាធិការ អនុរដ្ឋលេខា ធិការ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល លោកប្រធាន មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត មន្រ្តីជំនាញ និងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញមកជួបសំណេះសំណាលសាកសួរសុខទុក្ខ និងនាំយកកូនត្រីអណ្តែង កូនកង្កែប និងសម្ភារចិញ្ចឹមមួយ ចំនួនទៀតមកចែកជូនកសិករចំនួន ៥០គ្រួសារ ដែលអញ្ជើញមកពីបីស្រុក គឺស្រុកឧដុង្គ ស្រុកឱរ៉ាល់ និងស្រុកថ្ពង។ ពិធីនេះបានរៀបចំនៅផ្ទះលោក ឡុង ឡេង នៅភូមិកណ្តាល ឃុំពាំងល្វា ស្រុកឧដុង្គ។ លោក ឈាង តុលា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានរាយ ការណ៍ជូនអង្គ ពិធីជ្រាបដោយសង្ខេបអំពីការងារបង្កបង្កើនផលជារួម ដោយឡែកវិស័យវារីវប្បកម្មនៅទូទាំងខេត្តថា ខេត្តកំពង់ស្ពឺមានបណ្តុំអាជីវកម្មត្រីចំនួន១១ (២៧៣គ្រួសារ) ដោយបានផ្តល់កូនត្រីចម្រុះចំនួន ១៣៦ ៥០០កូន មានបណ្តុំអាជីវកម្មកង្កែប ១១កន្លែង (២១៦ គ្រួសារ) និងមានកសិករចិញ្ចឹមត្រីនៅក្រៅបណ្តុំ ៤០២គ្រួសារ បានដាក់កូនត្រីចម្រុះចិញ្ចឹមចំនួន ២៥១ ៣០០ក្បាល មានបង្កាត់ ភ្ញាស់កូនត្រី និងកង្កែបជាលក្ខណគ្រួសារចំនួន ៤កន្លែង អាចផលិតកូនបាន ៧២២ ០០០កូន។ ដោយឡែកក្រុមហ៊ុន សុវណ្ណភូមិ ស្រុកភ្នំស្រួច អាចផលិតកូនបាន ១៤០ ០០០កូន។ ដោយទទួលបានបច្ចេកទេសចិញ្ចឹមពីមន្ទីរ និងរដ្ឋបាលជល មានកសិករ ១២ គ្រួសារកំពុងចិញ្ចឹមបង្កងអូស្រ្តាលី មានកូនបង្កង ៣ ៣២០កូន និងមាន ១គ្រួសារ ផ្សេងទៀតកំពុងចិញ្ចឹមបង្កងទឹកសាបមានបង្កង ៧០ ០០០កូន។ ក្នុងពេលជួបសំណេះសំណាល ឯកឧត្តមរដ្ឋមន្រ្តី បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្តេចកិត្តព្រឹត្តបណ្ឌិត មកជូនប្រជាពលរដ្ឋនៅទូទាំងខេត្តកំពង់ស្ពឺ ព្រមទាំងជូនពរ បងប្អូនប្រជាពលរដ្ឋគ្រប់ៗក្រុមគ្រួសារឲ្យជួបតែសេចក្តីសុខ សេចក្តីចម្រើន សុភមង្គលក្នុងក្រុមគ្រួសារ និងចូរទទួលបានជោគជ័យក្នុងអាជីពចិញ្ចឹមត្រី ក៏ដូចជាចិញ្ចឹមកង្កែបផងដែរ។ បន្ទាប់មក ឯកឧត្តមរដ្ឋមន្រ្តី បានធ្វើការសំណេះ សំណាលជាមួយប្រជាពលរដ្ឋអំពីជីវភាព។ការងារបង្កបង្កើនផលជាពិសេសនោះគឺការងារវារីវប្បកម្មដែលលោកបានរំលេចជូនប្រជាកសិករជ្រាបអំពីប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោកាលពីថ្ងៃទី១៨ ខែកុម្ភ: និងកាលពីថ្ងៃទី១៤ ខែកក្កដាកន្លងមក ដែលសម្តេចបានណែនាំឲ្យប្រជាពលរដ្ឋ និងជាពិសេសក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទឲ្យខិតខំជំរុញការងារផលិតកម្មស្បៀង ដើម្បីចូលរួមបង្កើនផលិតភាពផលិតកម្មស្បៀង បង្កើតការងារ តាមរយ:ការពង្រឹង និងពង្រីកសកម្មភាពចិញ្ចឹមត្រី និងកង្កែប ដាំដំណាំ និងបន្លែបង្កាជាលក្ខណ:គ្រួសារដើម្បីបង្កើតចំណូល ធានាសន្តិសុខស្បៀងក្នុងគ្រួសារស្របពេលដែលសេដ្ឋកិច្ចជាតិនិងវិស័យមួយចំនួនទៀតកំពុងប្រឈមនឹងវិបត្តិជំងឺឆ្លងកូវីដ-១៩។ ឆ្លៀតយកឱកាសនេះឯកឧត្តមរដ្ឋមន្ត្រីក្នុងនាមឲ្យអាជ្ញាធរខេត្តថ្នាក់ដឹកនាំក្រសួង និងរដ្ឋបាលជលផលសន្យាថានឹងខិតខំពុះពារគ្រប់បែបយ៉ាងមិនថាឡើយពេលវេលាឈប់សម្រាកចុងសប្តាហ៍ ចុះមកជួយជំរុញយុទ្ធនាការនេះឲ្យកាន់តែសកម្មឡើងថែមទៀតនៅទូទាំងប្រទេស ធ្វើយ៉ាងណាបង្កើនផលិតភាពផលិតកម្មស្បៀង ថែរក្សា ការពារ និងទ្រទ្រង់សេដ្ឋកិច្ចគ្រួសារឲ្យមានចីរភាព និងនិរន្តរភាព រក្សាសុវត្ថិភាពស្បៀង ប្រែក្លាយវិបត្តិ ទៅជាឱកាសដើម្បីពង្រីក និងពង្រឹងសមត្ថភាពចិញ្ចឹមត្រី និងកង្កែបតាមគ្រប់រូបភាព។ មន្ទីររដ្ឋបាលជលផលនិងអាជ្ញាធរមូលដ្ឋានត្រូវរួមសហការគ្នាធ្វើការតាមដាននូវរាល់សកម្មភាពរបស់វារីវប្បករដែលនឹងយកកូនត្រី និងកូនកង្កែបទៅចិញ្ចឹមនាថ្ងៃនេះ ធ្វើយ៉ាងណាឲ្យអាជីពនេះដុះដាលលូតលាស់ រីកចម្រើនជា បន្តបន្ទាប់។ ព្រមជាមួយគ្នានេះ មន្រ្តីជំនាញរដ្ឋបាលជលផលត្រូវបន្តចុះជួយផ្សព្វផ្សាយ បណ្តុះបណ្តាលបន្ថែមលើការងារបច្ចេកទេសចិញ្ចឹម បង្កាត់ ភ្ញាស់កូន វិធីលាយផ្សំចំណី ការថែទាំ និងប្រសិទ្ធភាពសេដ្ឋកិច្ច ។ ក្រៅពីវិស័យវារីវប្បកម្ម បងប្អូនប្រជាកសិករក៏ត្រូវគិតគូផងដែរអំពីផលិត កម្មស្រូវ ដំណាំរួមផ្សំ បន្លែ និងចិញ្ចឹមសត្វ ដើម្បីរក្សាបាននូវនិរន្តរភាពនៃការផ្គត់ផ្គងស្បៀងក្នុងគ្រួសារ និងទីផ្សារ។ សម្រាប់ថ្ងៃនេះ កសិករចិញ្ចឹមត្រីអណ្តែង ៥០គ្រួសារ គ្រួសារនីមួយៗទទួលបានកូនត្រី ៧០០ ក្បាល ចំណី ៤បាវ និងតង់ ១ និងថ្នាំវីតាម៉ីន ៣កញ្ចប់៕