ឯកឧត្តមកិត្តិ​សេដ្ឋាបណ្ឌិត​ទេសរដ្ឋមន្ត្រី​ ចម​ ប្រសិទ្ធ​ ជួប​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា​

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី​០២​ ខែ​តុលា​ ឆ្នាំ​២០២០​ ឯកឧត្ដម​កិត្តិ​​សេដ្ឋាបណ្ឌិត​ ចម​ ប្រសិទ្ធ​ ទេសរដ្ឋមន្ត្រី​រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និង​នវានុវត្តន៍​បាន​ជួបពិភាក្សាការ​ងារជាមួយឯកឧត្តម​ Patrick Murphy ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា​ នៅទីស្តីការក្រសួង​។

គោលបំណង​នៃ​ជំនួប​ពិភាក្សា​ ភាគីទាំងពីរ​បានផ្តោតការ​យកចិត្តទុកដាក់​ទលើវឌ្ឍនភាពនៃការអនុវត្តស្តង់ដារយានយន្តសហរដ្ឋអាមេរិក​ នៅលើទីផ្សារកម្ពុជា​ ការ​ពង្រឹង​វិស័យសហគ្រាសខ្នាតតូច​និងមធ្យម​ ក៏ដូចជា​វិស័យ​វិទ្យាសាស្ត្រ​ ​និង​បច្ចេកវិទ្យា​ និងកិច្ចសហប្រតិបត្តិការលើវិស័យកម្មសិទ្ធិបញ្ញាជាដើម​។

ឯកឧត្តមកិត្តិ​សេដ្ឋាបណ្ឌិត​ទេសរដ្ឋមន្ត្រី​ ចម​ ប្រសិទ្ធ​ បានសម្តែងការស្វាគមន៍​ និងលើកឡើងពីកិច្ចខិតខំប្រឹងប្រែងនៃក្រុមបច្ចេកទេសភាគីទាំងពីរ​ ដើម្បី​សម្រេចបាននូវកិច្ចព្រមព្រៀងគ្នាមួយ​សម្រាប់ការអនុវត្តស្តង់ដារយានយន្តសហរដ្ឋអាមេរិក​នៅលើទីផ្សារកម្ពុជា​ តាមរយៈ​យន្តការ​ប្រើប្រាស់​កិច្ចព្រមព្រៀង​ក្របខ័ណ្ឌ​វិនិយោគ​ និង​ពាណិជ្ជកម្ម​រវាងសហរដ្ឋអាមេរិក​ និង​កម្ពុជា​។ ក្នុងនោះក្រសួងឧស្សាហកម្ម​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និង​នវានុវត្តន៍​ ដែល​មានវិទ្យាស្ថានស្តង់ដារកម្ពុជាជាសេនាធិការជំនាញ​ និងដោយឈរលេីគោលជំហរការអនុវត្តក្របខណ្ឌនៃការធ្វើពាណិជ្ជកម្មអន្តរជាតិ​ ក្រសួងបានធ្វើប្រកាសថ្មីស្តីពីការពន្យាពេលអនុវត្តក្នុងការ​ទទួល​យក​វិញ្ញាបនបត្រ​បញ្ជាក់​អំពី​ការ​បញ្ចេញ​សារធាតុ​បំពុលខ្យល់ពីយានយន្តរបស់ភ្នាក់ងារការពារបរិស្ថានសហរដ្ឋអាមេរិក​ក្នុងប្រការ៣​ នៃប្រកាស លេខ205 MIH/2019 ដោយផ្អែក​លើសារាចរ​លេខ ០១​សរ​ ចុះថ្ងៃទី០២​ ខែ​មករា​ ឆ្នាំ២០២០​ ស្តីពី​វិធានការ​ទប់ស្កាត់​ និង​កាត់​បន្ថយ​ការ​បំពុល​ខ្យល់​សាធារណៈ​ ។

ឯកឧត្ដម​ Patrick Murphy ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា​ បានសម្តែងនូវការវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមអ្នកជំនាញ​ ដើម្បីឲ្យការអនុវត្តកិច្ចព្រមព្រៀងទ្វេភាគី​អាចដំណើរការទៅបានសម្រាប់ការចរាចរណ៍ផលិតផលយានយន្តស្តង់ដារសហរដ្ឋអាមេរិកលើទីផ្សារកម្ពុជា​។ ទន្ទឹម​នឹងនោះ​ ឯកឧត្ដម​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ ក៏​បានមើលឃើញពីសមិទ្ធផលរបស់ក្រសួង​ឧស្សាហកម្ម​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និង​នវានុវត្តន៍​ ក្នុងការធ្វើកិច្ចសហប្រតិបត្តិការ​លើវិស័យ​ប្រកាសនីយបត្រ​តក្កកម្ម​ (Patent Cooperation )​ ជាមួយបណ្តាប្រទេសជាច្រើន​ក្នុងតំបន់​ និងជាមួយសហគមន៍អឺរុប​។ កិច្ចការ​នេះ​សហរដ្ឋអាមេរិក​ ពិតជាមានបំណងធ្វើជាមួយកម្ពុជា​សម្រាប់ក្របខណ្ឌ​កិច្ចការពារ​វិស័យកម្មសិទ្ធិបញ្ញាដែលសហរដ្ឋអាមេរិក​នៅកម្ពុជា​។

ជាការឆ្លើយតប​ទាក់ទងវិស័យកម្មសិទ្ធិបញ្ញា​ ឯកឧត្តមកិត្តិ​សេដ្ឋាបណ្ឌិត​ទេសរដ្ឋមន្ត្រី​ ចម​ ប្រសិទ្ធ​ បានបញ្ជាក់ថា​ កម្ពុជា​បានអនុវត្ត​ធ្វើកិច្ចសហប្រតិបត្តិការ​លើវិស័យ​ប្រកាសនីយបត្រ​តក្កកម្ម​ (Patent Cooperation )​ ជាមួយប្រទេសជាច្រើនរួចទៅហើយ​ រួមមាន ៖ ជាមួយ​សឹង្ហបុរី​ ចិន​ កូរ៉េ​ ជប៉ុន​ និង​សហគមន៍​អឺរ៉ុប​ ដើម្បីអនវត្ត​ការ​ចុះបញ្ជីការពារសុពលភាព​ប្រកាសនីយបត្រ​តក្កកម្ម​ (Patent )​ ក្នុងន័យការពារនូវការលួចចម្លងបច្ចេកវិទ្យារបស់ប្រទេសទាំងនោះ​ ដែល​ដាក់ការវិនិយោគនៅកម្ពុជា​។

តាមរយៈ​​នេះ​ ភាគី​ទាំងពីរ​បានឯកភាព​គ្នា​ថា នឹង​ខិតខំ​ធ្វើការ​រួមគ្នា​ដើម្បី​អាចចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​ ក្នុង​ឱកាសនៃការប្រារព្វពិធីខួបលើកទី៧០​ នៃ​ទំនាក់ទំនង​វិស័យ​ការទូត​រវាង​កម្ពុជា​-សហរដ្ឋអាមេរិក​ នាពេលខាងមុខ​។ ជាមួយ​គ្នានេះក៏បានពិភាក្សាទៅលើជំនួយសហរដ្ឋអាមេរិកសម្រាប់ពង្រឹងសហគ្រាសខ្នាតតូច​និងមធ្យម​ និងវិស័យ​វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​សម្រាប់កម្ពុជាផងដែរ​៕