អាជ្ញាធររាជធានីភ្នំពេញបើកវេទិកាសាធារណៈពិគ្រោះយោបល់ នៅខណ្ឌព្រែកព្នៅ

ភ្នំពេញ ៖ ក្រុមប្រឹក្សារាជធានីភ្នំពេញ បានបើកវេទិកាពិគ្រោះយោបល់នៅខណ្ឌព្រែកព្នៅ ហើយ ប្រជាពលរដ្ឋបានលើកជាសំណួរផ្ទាល់មាត់ចំនួន៩នាក់ និងសំណើសរសេរដាក់ក្នុងប្រអប់ សំបុត្រចំនួន៥២ប័ណ្ណ។ សំណើ និងសំណូមពរទាំងនេះ គឺបានស្នើឱ្យអាជ្ញាធររាជធានីភ្នំពេញ ជួយកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងមូលដ្ឋាន និងការសូមឱ្យពន្លឿនការផ្តល់អត្តសញ្ញាណប័ណ្ណ ជាដើម។

វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣ នៅខណ្ឌព្នៅនេះ បានធ្វើឡើងកាលពីព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២០ ក្រោមវត្តមាន ឯកឧត្ដម ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានី លោក ហួត ហៃ អភិបាលរងរាជធានី និង មានប្រជាពលរដ្ឋចូលរួមជាង៤០០នាក់ នៅក្នុងវត្តប្រាសាទសង្កាត់ពញ្ញាពន់ ខណ្ឌព្រែកព្នៅ។

ឯកឧត្ដម ប៉ា សុជាតិវង្ស បានមានប្រសាសន៍បញ្ជាក់ថា ការបង្កើតឱ្យមានវេទិកា សាធារណៈនេះ ធ្វើឡើងដើម្បីឱ្យប្រជាពលរដ្ឋមានឱកាសបានលើកឡើងជាសំណើ សំណូម ពររបស់ពួកគាត់ ដើម្បីឱ្យយើងយកទៅដោះស្រាយជូនពួកគាត់។ ឯកឧត្ដមបានបន្តទៀតថា ការលើកឡើងរបស់ប្រជាពលរដ្ឋគឺពិតណាស់ថា នឹងធ្វើឱ្យអាជ្ញាធរក៏ដូចជាសមត្ថកិច្ចរបស់ យើងបានរកឃើញនូវចំណុចខ្វះខាតដែលយើងត្រូវយកមកបំពេញបន្ថែម ក្នុងការបម្រើ ប្រជាពលរដ្ឋ។

ឯកឧត្ដមបញ្ជាក់ថា រដ្ឋាភិបាលក្រៅពីបង្កើតឱ្យមានវេទិកាសាធារណៈនៅថ្នាក់សង្កាត់ ខណ្ឌនិងថ្នាក់រាជធានីហើយនោះ នៅបានបង្កើតឱ្យមានការិយាល័យប្រជាពលរដ្ឋនៅថ្នាក់ ខណ្ ឌនិងថ្នាក់រាជធានីថែមទៀត ដើម្បីទទួលយកការពិគ្រោះយោបល់ជាមួយប្រជាពលរដ្ឋ ខណៈដែលប្រជាពលរដ្ឋមានកង្វល់អ្វីមួយ ហើយការិយាល័យនេះអាចដោះស្រាយជូនប្រជាពលរដ្ឋក្រៅប្រព័ន្ធតុលាការបាន។

ឯកឧត្ដម ប៉ា សុជាតិវង្ស បានបញ្ជាក់ផងដែរថា ក្នុងវេទិកានេះប្រជាពលរដ្ឋបាន លើកឡើងជាសំណួរផ្ទាល់មាត់ចំនួន៩នាក់ និងសំណើសរសេរដាក់ក្នុងប្រអប់សំបុត្រចំនួន៥២បណ្ណ ហើយសំណើ និងសំណូមពរទាំងនេះមានការស្នើឱ្យអាជ្ញាធររាជធានីភ្នំពេញស្ថាបនាលូ នៅក្នុងភូមិអណ្តូងសង្កាត់ ការស្ថាបនាផ្លូវប្រវែងជាង១គីឡូម៉ែត្រ ការជំរុញការ ផ្តល់អត្តសញ្ញាណប័ណ្ណជាតិខ្មែរឱ្យបានលឿន ការជំរុញដោះស្រាយបញ្ហាទំនាស់ដីធ្លី វត្តសុវណ្ណធម្មរាជ ក្នុងខណ្ឌព្រែកព្នៅ បញ្ហាដីធ្លីនៅបឹងតាម៉ោក និងស្នើឱ្យទប់ស្កាត់រថយន្តដឹកដីបើកបរលឿនៗ។ ចំពោះការស្នើឡើងខាងលើនេះ អាជ្ញាធររាជធានីភ្នំពេញបានទទួលយកហើយសន្យាថានឹងធ្វើការដោះស្រាយជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ៕