មន្រ្ដី ៖ ក្រសួងសង្គមកិច្ចសម្រេចនូវសមិទ្ធផលជាច្រើនក្នុងកិច្ចការ​ពារ​ជនរងគ្រោះដោយអំពើជួញដូរមនុស្ស និងការកសាងគោលនយោបាយ

ភ្នំពេញ ៖ មន្រ្ដីជាន់ខ្ពស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាបានលើកឡើងថា ការទទួលអាណត្តិពីរាជរដ្ឋាភិបាលក្នុងការការពារ និងការផ្ដល់សេវាគាំទ្រដល់ជនរងគ្រោះ ក្រសួងបានបំពេញការងារយ៉ាងសកម្ម និងសម្រេចបាននូវសមិទ្ធផលជាច្រើនក្នុងកិច្ចការ ពារជនរងគ្រោះដោយអំពើជួញដូរមនុស្ស ការងារកសាងគោលនយោបាយ ការបង្ការទប់ ស្កាត់អំពើជួញដូរមនុស្ស ការពង្រឹងកិច្ចសហប្រតិបត្តិការ និងការបង្កើតភាពជាដៃគូ។

នេះគឺជាការលើកឡើងរបស់ឯកឧត្តម ញ៉ឹក វណ្ណារ៉ា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីត​យុទ្ធជន និងយុវនីតិសម្បទា ក្នុងកម្មវិធីបើកសិក្ខាសាលាពិគ្រោះយោបល់ និងការអនុវត្ត​គោលនយោបាយ និងបទដ្ឋានអប្បបរមាស្តីពីកិច្ចការពារសិទ្ធិជនរងគ្រោះដោយអំពើជួញ​ដូរមនុស្ស នាព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២០ នៅសណ្ឋាគារកាំបូឌីយ៉ាណា។

ឯកឧត្តម ញ៉ឹក វណ្ណារ៉ា បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាបាន និងកំពុងខិតខំ​ប្រឹង​ប្រែង បង្កើតរៀបចំចងក្រងផ្សព្វផ្សាយ និងអនុវត្តន៍ គោលនយោបាយយុទ្ធសាស្ត្រ​ផែនការ​កិច្ចព្រមព្រៀងទ្វេភាគី និងពហុភាគី និងយន្តការនានា សំដៅប្រយុទ្ធប្រឆាំង និងកាត់បន្ថយ​ឱ្យបានជាអតិបរមា នូវអំពើជួញដូរមនុស្ស និងការធ្វើអាជីវកម្មលើមនុស្សទាំងក្នុងក្រប​ខ័ណ្ឌ​ជាតិ អនុតំបន់ តំបន់ និងលើពិភពលោក។ ឯកឧត្តមរដ្ឋលេខាធិការបានបន្តថា ទោះបី​ក្រសួងសម្រេចបានសមិទ្ធផលជាច្រើនយ៉ាងណាក៏ដោយក៏ការការពារជនរងគ្រោះដោយអំពើជួញដូរមនុស្សនៅមិនទាន់បានឆ្លើយតបទាំងស្រុងនៅឡើយទេជាពិសេសការផ្ដល់សេវាគាំទ្រសម្រាប់ជនរងគ្រោះនៅមានកម្រិតនៅឡើយ។

ឯកឧត្ដមបានបន្ដថា បន្ទាប់ពីក្រសួង សង្គមកិច្ច បានដាក់ចេញនូវគោលនយោបាយ និងបទដ្ឋានអប្បបរមាស្តីពីកិច្ចការ​ពារសិទ្ធិ របស់ ជនរងគ្រោះដោយអំពើជួញដូរមនុស្សឆ្នាំ២០០៩ ក្រសួងបានធ្វើការផ្សព្វ​ផ្សាយ និង បណ្ដុះបណ្ដាលជាច្រើនវគ្គសម្រាប់អនុវត្តន៍ទាំងនៅថ្នាក់ជាតិ និងក្រោមជាតិ​សំដៅពង្រឹង សមត្ថភាពជំនាញរបស់មន្ត្រីទទួលបន្ទុកការងារសង្គមកិច្ចពាក់ព័ន្ធនានាទាំងស្ថាប័នរដ្ឋាភិបាល និងអង្គការដៃគូអភិវឌ្ឍន៍ ក្នុងការការពារ និងគាំទ្រដល់ជន​រងគ្រោះ​ប្រកប​ដោយ សុវត្ថិភាព។

ឯកឧត្ដមបានបន្ថែមថា គោលនយោបាយនេះ ធានាបាននូវជនរងគ្រោះទទួលបាន​ផល​​ប្រយោជន៍ពី​លិខិតុបករណ៍ជាតិ ច្បាប់ជាតិ និងអន្តរជាតិព្រមទាំងទទួលបាននូវសិទ្ធិ​អំណាច និងមាន​លទ្ធភាពធ្វើសមាហរណកម្មទៅក្នុងគ្រួសារ និងសមាគមដោយជោគជ័យ​ជាស្ថាពរទទួល​បានការ​ឧបត្ថម្ភ​​ទាំងផ្នែកសម្ភារ និងស្មារតី ពិសេសសេវាសុខភាព ការអប់រំ និងការបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងទទួលបាននូវកិច្ចការពារយ៉ាងល្អប្រសើរ ឆ្លងផុតពី​ភាព​រងគ្រោះជាថ្មី និងការរើសអើង៕