អភិបាលខេត្តប៉ៃលិនប្រគល់កុំព្យូទ័រចំនួន១៤គ្រឿងជូនដល់វិទ្យាល័យ ហ៊ុន សែន សាលាក្រៅ

ខេត្តប៉ៃលិន ៖ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិនរួមដំណើរដោយឯកឧត្តម ចេង ញ៉ាន់ អភិបាលរងខេត្ត និងក្រុមការងារ កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ បានអញ្ជើញជួបសំណេះសំណាលជាមួយ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងផ្តល់អំណោយ កុំព្យូទ័រលើតុចំនួន១៤គ្រឿងដល់វិទ្យាល័យ ហ៊ុន សែន សាលាក្រៅ ស្ថិតនៅភូមិកែង ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្ត ប៉ៃលិនដើម្បីបម្រើឱ្យដំណើរការបង្រៀន និងរៀននៅក្នុងសាលា។

ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិនបានមានប្រសាសន៍លើកឡើងថា បច្ចុប្បន្ននេះប្រទេសជាតិ កំពុងតែមានការអភិវឌ្ឍ ជឿនលឿនទៅមុខ ដូច្នេះបញ្ហាបច្ចេកវិទ្យា និងព័ត៌មានវិទ្យា លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សត្រូវតែដើរឲ្យទាន់សម័យកាលតែក៏ត្រូវប្រុងប្រយ័ត្ន ព្រោះប្រព័ន្ធព័ត៌មានវិទ្យា គឺត្រូវប្រើឲ្យចំគោលដៅក្នុងការសិក្សា ចៀសវាងកុំឲ្យក្លាយជាអាវុធមុខពីរ ដូច្នេះការផ្តល់កុំព្យូទ័រទាំងនេះ សូមលោកគ្រូ អ្នកគ្រូ និងសិស្សនុសិស្ស ត្រូវយកទៅប្រើប្រាស់ឱ្យមានប្រសិទ្ធខ្ពស់ បម្រើដល់ដំណើរការបង្រៀន និងរៀន ជាពិសេសត្រូវយកចិត្តទុកដាក់ក្នុងការសិក្សា និងស្រាវជ្រាវបន្ថែម ហើយត្រូវចូលរួមអនុវត្តន៍ទាំងអស់គ្នានូវគោលនយោបាយភូមិ/ឃុំ មានសុវត្ថិភាព និងគោរពច្បាប់ចរាចរណ៍ ព្រមទាំងចៀសឱ្យឆ្ងាយពីគ្រឿងញៀន។

ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍បញ្ជាក់ថា កន្លងមកដោយប្រទេសកម្ពុជា និងប្រទេសលើសកលលោក បានជួបប្រទះនឹងជំងឺកូវិដ-១៩ រាតត្បាត ធើ្វឲ្យវិស័យនានាមានការលំបាក ក្នុងនោះវិស័យអប់រំ ក៍មានការលំបាកផងដែរ ដោយសាលាទាំងសាលារដ្ឋ និងឯកជននានា ត្រូវបានផ្អាកការសិក្សា ដូចនេះហើយ ក្រសួងអប់រំ យុវជន និងកីឡា ក៍បានរៀបចំកម្មវិធីសិក្សាតាមប្រព័ន្ធ Online ដើម្បីឲ្យសិស្សានុសិស្ស បានសិក្សានៅតាមផ្ទះរបស់ពួកគេ ប៉ុន្តែបច្ចុប្បន្នដោយសារ ស្ថានភាពជំងឺកូវីដ-១៩ មានសភាពធូរស្រាលជាបណ្តើរៗ ក្រសួងអប់រំ យុវជន និងកីឡា ក៏អនុញ្ញាតឱ្យបើកដំណើរការបង្រៀន និងរៀនឡើងវិញ ដោយអនុវត្តន៍តាមវិធានការ និងសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល។

នៅក្នុងឱកាសនោះដែរ ឯកឧត្តម ផាន់ ចាន់ធុល ក៏បានមានប្រសាសន៍ក្រើនរំលឹកដល់នាយកសាលា និងលោកគ្រូ អ្នកគ្រូទាំងអស់ ត្រូវពន្យល់ណែនាំបន្ថែមទៀត អំពីការថែរក្សាការពារអនាម័យ ជាប្រចាំជូនដល់សិស្សានុសិស្ស ក្នុងអំឡុងពេលជំងឺឆ្លងកូវីដ-១៩ នេះ ចៀសវាងការធ្វេសប្រហែស ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ឱ្យមានប្រសិទ្ធភាពខ្ពស់។

សូមបញ្ជាក់ថា កុំព្យូទ័រថ្មី ជាប្រភេទ Destop ដែលជាអំណោយរបស់ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន ប្រគល់ជូនដល់វិទ្យាល័យ ហ៊ុន សែន សាលាក្រៅ ដើម្បីបម្រើដល់ដំណើរការបង្រៀន និងរៀននៅក្នុងសាលា គឺមានចំនួន ១៤គ្រឿង ម៉ាក Dell ដោយក្នុង១ឈុតមាន៖ LCD monitor, computer system unit, keybord, mouse, និង UPS ផងដែរ៕