រដ្ឋមន្ត្រីការងារស្នើទូតជប៉ុនបន្តជួយគាំទ្រថែមទៀតលើការអភិវឌ្ឍធនធានមនុស្ស និងជំរុញលើកទឹកចិត្តអ្នកវិនិយោគជប៉ុនមកវិនិយោគនៅកម្ពុជា

ភ្នំពេញ ៖ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានស្នើឱ្យឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ឯកឧត្តម មីកាមិ ម៉ាសាហ៊ីរ៉ូ បន្តជួយគាំទ្រថែមទៀតលើការអភិវឌ្ឍធនធានមនុស្ស និងជំរុញលើកទឹកចិត្តដល់អ្នកវិនិយោគជប៉ុនឱ្យបង្កើនការវិនិយោគនៅកម្ពុជាបន្ថែម និងពង្រីកទីផ្សារនៅជប៉ុន។

ការស្នើយ៉ាងដូច្នេះ ត្រូវបានធ្វើឡើងក្នុងជំនួបពិភាក្សារវាងឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រីជាមួយឯកឧត្តមឯកអគ្គរាជទូតនៅទីស្ដីការក្រសួងការងារ នាថ្ងៃទី០១ ខែតុលា ឆ្នាំ២០២០នេះ។

នាឱកាសនោះ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជាជប៉ុន លើគ្រប់វិស័យ ដោយឡែកវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏ជាក្របខណ្ឌកិច្ចសហប្រតិបត្តិការ ដែលភាគីទាំងពីរកំពុងបន្តជំរុញយកចិត្តទុកដាក់និងពង្រីកនូវកិច្ចសហប្រតិបត្តិការថ្មីៗថែមទៀត។ រដ្ឋាភិបាលនៃប្រទេសទាំងពីរសុទ្ធតែបានដាក់ចេញនូវវិធានការប្រកបដោយប្រសិទ្ធភាពក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវិដ១៩។

ឯកឧត្តមឯកអគ្គរាជទូតជប៉ុនបានកោតសរសើរចំពោះវិធានការដ៏មានប្រសិទ្ធភាពរបស់រាជរដ្ឋាភិបាលកម្ពុជាលើបញ្ហាកូវីដ-១៩ និងវិធានការដោះស្រាយផលប៉ះពាល់ដោយជំងឺរាតត្បាតនេះ ព្រោះថាបានជួយដោះស្រាយទាំងបញ្ហាសង្គម និងសេដ្ឋកិច្ច។

លើក្របខណ្ឌកិច្ចសហប្រតិបត្តិការវិស័យការងារ កម្ពុជា-ជប៉ុន បានចុះអនុស្សរណៈនៃការយោគយល់គ្នានៅឆ្នាំ២០០៧ ដើម្បីទទួលកម្មសិក្សាការីកម្ពុជាទៅធ្វើការនៅប្រទេសជប៉ុន និងអនុស្សរណៈនៃការយោគយល់គ្នានៅឆ្នាំ២០១៩ ដើម្បីទទួលយកពលករជំនាញទៅធ្វើការនៅប្រទេសជប៉ុន ខណៈបច្ចុប្បន្នមានកម្មសិក្សាការី និងពលករជំនាញកម្ពុជាដែលកំពុងបម្រើការនៅប្រទេសជប៉ុនមានជាង ១០,០០០នាក់។

ឯកឧត្តមរដ្ឋមន្ត្រីបានបន្តថា ដោយសារបច្ចុប្បន្នពិភពលោកទាំងមូល រួមទាំងកម្ពុជាផងនោះ កំពុងជួបប្រទះនូវវិបត្តិជំងឺកូវីដ-១៩ បានធ្វើឱ្យវិស័យការងារ វិស័យទេសចរណ៍ និងវិស័យមួយចំនួនទៀតនៅកម្ពុជាជួបប្រទះនូវវិបត្តិមួយចំនួន ក្នុងនោះរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវកញ្ចប់វិធានការ ដែលមកដល់ពេលនេះ បានទម្លាក់កញ្ចប់វិធានការទី៦ហើយ ដើម្បីដោះស្រាយផលប៉ះពាល់ជូនកម្មករនិយោជិត និយោជក និងប្រជាពលរដ្ឋ ជាពិសេសកម្មករនិយោជិតដែលព្យួរការងារ និងបាត់បង់ការងារ ដើម្បីពួកគាត់អាចដោះស្រាយបាននូវបញ្ហាជីវភាព និងស្វែងរកបាននូវឱកាសការងារថ្មី។

ឯកឧត្តមរដ្ឋមន្រ្តីក៏បានថ្លែងអំណរគុណចំពោះភាគីជប៉ុនដែលបានយកចិត្តទុកដាក់ដល់សិក្ខាកាម និងកម្មករជំនាញកម្ពុជា ព្រមទាំងអនុញ្ញាតឱ្យចេញចូលជប៉ុនតាមរយៈវិធានការធ្វើចត្តាឡីស័កនៅផ្ទះ។ តាមគ្រោងទុកកម្ពុជានឹងបញ្ជូនសិក្ខាកាម និងកម្មករជំនាញដែលបានបណ្តុះបណ្តាលរួចទៅជប៉ុនបន្ថែមទៀតក្នុងពេលឆាប់ៗ នៅពេលដែលភាគីទាំងពីរឯកភាពនូវមធ្យោបាយនិងនីតិវិធីក្នុងការធានាឱ្យបាន នូវការឆ្លងវីរ៉ុសកូវីដ-១៩។

នៅក្នុងការជំរុញការអភិវឌ្ឍធនធានមនុស្ស ឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់ជូនថា រាជរដ្ឋាភិបាលកម្ពុជាកំពុងជំរុញការអនុវត្តគោលនយោបាយអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ដើម្បីឆ្លើយតបទៅនឹងការអភិវឌ្ឍវិស័យឧស្សាហកម្ម និងការធានាបាននូវភាពប្រកួតប្រជែងរបស់កម្ពុជា។គោលនយោបាយនេះ ក៏កំពុងត្រូវការការចូលរួមជួយពីសំណាក់ដៃគូជាច្រើនទៀត ហើយអង្គការ JICA របស់ជប៉ុនក៏បានជួយដល់ការបណ្ដុះបណ្ដាលលើជំនាញអគ្គិសនីផងដែរ។

ឯកឧត្តមរដ្ឋមន្ត្រី អ៊ិត សំហេង បានជម្រាបថា ថ្មីៗនេះ ក្រសួងបានស្នើទៅកាន់អង្គការ JICA ដើម្បីសុំឱ្យមានគ្រូបច្ចេកទេសផ្នែកអគ្គិសនីនេះមកជួយបង្រៀនបន្ថែម ហើយសង្ឃឹមថាជប៉ុននឹងយល់ព្រមចំពោះសំណើនេះ។

ឯកឧត្តម មីកាមិ ក៏ដូចជាឯកឧត្តម អ៊ិត សំហេង សុទ្ធតែបានបង្ហាញពីការមើលឃើញថា ក្រុមអ្នកវិនិយោគទុនជប៉ុន ពិតជាបានរួមវិភាគទានយ៉ាងខ្លាំង ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាឲ្យមានការលូតលាស់រីកម្រើនជាបន្តបន្ទាប់។ ឧស្សាហកម្មដែលវិនិយោគដោយជនជាតិជប៉ុនមិនបានបិទនូវខ្សែសង្វាក់ផលិតកម្មរបស់ខ្លួននោះឡើយ មានតែបន្តបង្កើនវិនិយោគបន្ថែមទៀត ជាក់ស្តែងដូចជាក្រុមហ៊ុន Minibear ដែលជាក្រុមហ៊ុនឈានមុខមួយរបស់ជប៉ុនដែលផលិតគ្រឿងបង្គុំ ម៉ូទ័រតូចៗជាដើម។

ភាគីទាំងពីរ បានលើកឡើងទៀតថា សុខដុមនីយកម្មទំនាក់ទំនងវិជ្ជាជីវៈ គឺជាធាតុផ្សំមិនអាចខ្វះបានសម្រាប់អ្នកវិនិយោគទុន។ កន្លងមកនេះ ទំនាក់ទំនាក់ដ៏ល្អរវាងកម្មករនិយោជិតរបស់កម្ពុជា និងថៅកែជាជនជាតិជប៉ុនមានភាពស្និទ្ធស្នាល ចេះយោគយល់អធ្យាស្រ័យគ្នា ដែលជាកត្តាដ៏សំខាន់ក្នុងការទាក់ទាញអ្នកវិនិយោគជប៉ុនមកកាន់កម្ពុជាកាន់តែច្រើនផងដែរ៕