វៀតណាមបាន​​រាយការណ៍​អំពី​ករ​ណី​ស្លាប់​ដំបូងពី​ជំងឺ​​កូវីដ១៩

កាល​ពី​សុក្រប្រទេស​វៀតណាមបាន​រាយការណ៍​អំពី​ករណី​ស្លាប់​ដំបូងពី​ជំងឺ​កូវីដ១៩ក្រោយ​ពី​ប្រទេស​នេះ​បាន​ទទួល​ការ​សាទរ​ពី​ជុំវិញ​ពិភពលោក​ថាបាន​ចាត់​វិធានការ​ថ្នាក់​ជាតិដ៏​ជោគជ័យ​មួយដើម្បី​ទប់ស្កាត់​ជំងឺ​រាតត្បាត​នេះ។
ទី​ភ្នាក់ងារ​ព័ត៌មាន​ផ្លូវការ ​VNA បាន​រាយការណ៍​ថា អ្នក​ស្លាប់​នោះ​ដែល​គេ​ស្គាល់​ថា​អ្នក​ជំងឺ​លេខ​៤២៨ជា​បុរស​អាយុ​៧០​ឆ្នាំ​ម្នាក់ដែល​បាន​ស្លាប់​កាល​ពី​ថ្ងៃ​សុក្រហើយ​ទំនង​បាន​ឆ្លង​កូវីដ១៩​ពី​ទី​ក្រុង​ដាណាងភាគ​កណ្តាល​ប្រទេស។
ទី​ក្រុង​ដាណាង​ជា​ចំណុច​កណ្តាល​នៃ​ការ​ផ្ទុះ​រាតត្បាតចុង​ក្រោយ​នៅ​វៀតណាម​ហើយ​អាជ្ញាធរ​នៅទី​កំពុង​សាង​សង់​មន្ទីរពេទ្យ​បណ្តោះ​អាសន្ន​មួយ​ដែល​មាន​គ្រែ​១.០០០​ ដើម្បី​ជួយ​សម្រួល​ដល់​មន្ទីរ​ពេទ្យ​នៅ​ទី​ក្រុង​នេះ ​ដោយ​មាន​មន្ទីរ​ពេទ្យ​បួន​ត្រូវ​បិទ​ដោយ​សារ​មាន​ករណី​ឆ្លង​កូវីដ១៩​នៅ​ទី​នោះ។ប្រទេស​វៀតណាម​ដែល​មាន​ប្រជាជន​៩៦​លាន​នាក់​ កន្លង​មក​មិនបាន​រក​ឃើញ​ករណី​ឆ្លង​ថ្មី​ណា​មួយ​អស់​រយៈពេល​១០០​ថ្ងៃ​ជាប់ៗ​គ្នា នៅ​មុន​ពេល​ករណី​ឆ្លង​កូវីដ១៩​ថ្មី​ដែល​គេ​មិន​ដឹង​ប្រភព​ស្រាប់​តែ​លេច​ឡើង​នៅ​ទី​ក្រុង​ទេសចរណ៍ ដាណាងដ៏​មាន​ប្រជាប្រិយភាព​កាល​ពី​មួយ​សប្តាហ៍​មក​នេះ។ក្រសួង​សុខាភិបាល​វៀតណាម​កាល​ពី​ថ្ងៃ​សុក្រ​បាន​រាយការណ៍​ពី​ករណីឆ្លង​ថ្មី​៨២​ករណី ដែល​ក្នុង​នោះ​២៦​ករណី​មក​ពី​ក្រៅ​ប្រទេស ហើយ​ចំនួន​នេះ​ជា​ករណី​ឆ្លង​ច្រើន​បំផុត​ក្នុង​មួយ​ថ្ងៃ​សម្រាប់​វៀតណាម។កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទីក្រុង​ហាណូយ​បាន​ចាប់​ផ្តើម​ការ​ធ្វើ​តេស្តរក​កូវីដ១៩​ជា​ទ្រង់ទ្រាយ​ធំ ហើយ​ត្រឹម​សុក្រ​មាន​ពលរដ្ឋ​ជិត​២២.០០០​នាក់​ក្នុង​រដ្ឋធានី​វៀតណាម​ត្ឬូវ​បាន​ធ្វើ​តេស្ត ដោយ​២១.០០០​នាក់​ធ្វើ​តេស្ត​ឃើញ​អវិជ្ជមាន។ នេះ​បើ​តាម​មជ្ឈមណ្ឌល​គ្រប់គ្រង​ជំងឺ​ឆ្លង​របស់​ក្រុង​ហាណូយ។អាជ្ញាធរ​ក្រុង​ហាណូយ​នៅ​ពេល​នេះ​ក៏​បាន​ហាមឃាត់​ការ​ជួប​ប្រជុំ​ធំៗ​ និង​បិទ​ក្លិប​កម្សាន្ត​ពេល​រាត្រី​។ប៉ុន្តែ​អនុញ្ញាត​ឲ្យ​ភោជនីយដ្ឋាន​បើកដោយ​ត្រូវរ​រក្សា​គម្លាត​ពី​គ្នា​ក្នុង​សង្គម។​អ្នក​ជំនាញ​ថា ប្រទេស​វៀតណាម​ប្រហែង​កំពុង​រង​ផល​ប៉ះពាល់​ពី​ការ​ធ្វេសប្រហែស​របស់​ខ្លួន​ក្រោយ​ពី​ជោគជ័យ​ទប់ស្កាត់​ជំងឺ​នេះ​នៅ​ដំណាក់កាល​ដំបូង ដោយ​សកម្មភាព​សង្គម​ចាប់​ផ្តើម​បើក​វិញ​ជា​ធម្មតា​ឆាប់​ពេក ការ​ពាក់​ម៉ាស់​តិច​ជាង​មុន ហើយ​ការ​ធ្វើ​ទេសចរណ៍​ក្នុង​ស្រុក​កើន​ឡើង។គិត​មក​ដល់​ថ្ងៃ​សុក្រ​វៀតណាម​មាន​ករណី​ឆ្លង​កូវីដ១៩​សរុប ៥៤៦​ករណី៕