រីករាយ​ទិវា​ឧ​ទ្យា​នុ​រក្ស​ពិភពលោក

ភ្នំពេញ៖​ទិវា​ឧ​ទ្យា​នុ​រក្ស​ពិភពលោក​បាន​ប្រារព្ធ​ឡើង​ចាប់តាំងពី​ឆ្នាំ​២០០៧​មកម្ល៉េះ​ដោយ​កំណត់​យក​ថ្ងៃទី​៣១​ខែកក្កដា​ជា​រៀងរាល់ឆ្នាំ​។​ការចាប់ផ្តើម​ប្រារព្ធ​ទិវា​ឧ​ទ្យា​នុ​រក្ស​ពិភពលោក​លើកដំបូង ត្រូវបាន​ប្រារព្ធ​ឡើង​ចំ​ថ្ងៃ​ខួប​លើក​ទី​១៥ នៃ​ការបង្កើត​សហព័ន្ធ ឧ​ទ្យា​នុ​រក្ស អន្តរជាតិ ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០០៧​សម្រាប់​ប្រទេស​កម្ពុជា​។​

យោងតាម​គេហ​ទំ​ព​រ៌​(website)​ក្រសួងបរិស្ថាន​បានឱ្យដឹង​ទៀតថាៈ ក្រសួងបរិស្ថាន​បាន​ប្រារព្ធ​ទិវា​នេះ​ឡើងជា​លើកដំបូង​នៅ​ឆ្នាំ​២០១៧​ដោយមាន​ការចូលរួម​ពី​បណ្តា​ស្ថាប័ន​ពាក់ព័ន្ធ​អង្គការ​ជាតិ​និង​អន្តរជាតិ​ព្រះសង្ឃ​សិស្សានុសិស្ស​សហគមន៍​មូលដ្ឋាន​សាធារណជន និង​ស្ថាប័នឯកជន​នានា​យ៉ាងច្រើន​។ ទិវា ឧ​ទ្យា​នុ​រក្ស​ពិភពលោក ប្រារព្ធ​ឡើង​ក្នុង​គោលបំណង​៖

-​ផ្តល់​គុណ​តម្លៃ​និង​លើកទឹកចិត្ត​ដល់​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ដែល​បាន​តស៊ូ​លះបង់​និង​បូជាជីវិត​ដើម្បី​បុព្វហេតុ​បរិស្ថាន​និង​ធនធានធម្មជាតិ​។​-​លើកកម្ពស់​ការយល់ដឹង​របស់​សាធារណជន​អំពី​តួនាទី​របស់​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​នៅ​កម្ពុជា​អំពី​ការតស៊ូ​លះបង់​របស់​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ក្នុងការ​ថែរក្សា​ការពារ​និង​អភិរក្ស​ធនធានធម្មជាតិ​និង​បរិស្ថាន​ប្រកបដោយ​សេចក្តី​អង់អាច​ក្លាហាន​។​-​ជំរុញ​និង​លើកទឹកចិត្ត​សាធារណជន​ចូលរួម​ជាមួយនឹង​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ដើម្បី​ការពារ​និង​គ្រប់គ្រង​ធនធានធម្មជាតិ​និង​បរិស្ថាន​ប្រកបដោយ​និរន្តរភាព​៕